(កោះកុង)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVT បង្កើនផលិតភាពការងារខ្ពស់ និងការប្រកួតប្រជែងខ្ពស់»

ពិធីនេះមានការអញ្ជើញចូលរួម ក្រោមវត្តមានលោក ស្រេង ហុង អភិបាលរងខេត្ត, លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ, អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស នាយកមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង និងមានការចូលរួមមន្ត្រីគ្រប់ស្ថាប័ន្ថ និងសិស្សនិស្សិតជាច្រើននាក់។

អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស បង្ហាញថា ប្រទេសមានសន្តិភាពមានសេរីភាព ក្រោមការដឹកនាំដ៍ឈ្លាវ៉ៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានស្វែងរក សន្តិភាពជូនជាតិ និងមានភាពរីកចំរើន និងបង្កើនឲ្យមានធនធានមនុស្ស ដូច្នេះដើម្បីបង្កើនធនធានមនុស្សនិស្សិត សិស្សក្នុងវ័យសិក្សាត្រូវស្វែងរកការសិក្សាបង្កើនចំណេះដឹង ដោយខិតខំក្រេបចំណេះវិជ្ជាពីសាស្រ្តាចារ្យ ដែលបានខិតខំបង្ហាត់បង្រៀនយើងគ្រប់ៗគ្នា។

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស បានថ្លែងបន្តថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង ក្នុង១ឆ្នាំៗមានយុវជន សិស្ស និងនិស្សិតចំនួន១,២២៥នាក់ ផ្តោតការចាប់អារម្មណ៍ ចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ ក្រោមការឃើញថា ងាយស្រួលរកទីផ្សារការងារ និងចំណូលខ្ពស់ហើយអត្រា អ្នកចូលរួមជំនាញបច្ចេកទេស មានចាប់ពី១,២២៥ រហូតដល់១,៥៥២នាក់ ក្នុង១ឆ្នាំៗ ដែលទាំងនេះសបញ្ជាក់ថា ពលរដ្ឋ សិស្ស និងនិស្សិតចាប់អារម្មណ៍ច្រើនពីមុខវិជ្ជាបច្ចេកទេស រួមមាន៖ អគ្គិសនី អេឡិចត្រូនិច មេកានិករថយន្ត បរិក្ខារត្រជាក់ និងវិទ្យាសាស្រ្តកុំព្យូទ័រ។

ក្រោយការតាំងបង្ហាញសម្ភារៈបច្ចេកទេសក្នុងទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស បន្តទៀតថា ទោះបីជាកម្ពុជាទទួលរងវិបត្តិ ជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏សន្ទុះការចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់ក្រុមយុវជន សិស្ស និងនិស្សិត ទោះសិក្សារៀនតាមរយៈប្រព័ន្ធអនឡាយក្តី។

បើតាមអ្នកអង្គម្ចាស់ ឬទ្ធីរ៉ាវង្ស អ្នកសិក្សាជំនាញបច្ចេកទេសយល់ច្បាស់ អំពីឱកាសបង្កើតមុខរបរដោយខ្លួនឯងផង ទំហំទីផ្សារការងារទូលំទូលាយ និងទៅធ្វើការតាមបណ្តាក្រុមហ៊ុន សហគ្រាសនានាដែលអាចប្រាក់ចំណូលបានខ្ពស់។

ក្រោយពួកគាត់បញ្ចប់ការរៀនសូត្រមជ្ឈមណ្ឌល ដោយជាក់ស្តែង៩០ភាគរយចំពោះយុវជន សិស្ស និងនិស្សិតដែលបញ្ចប់ការសិក្សាជំនាញបច្ចេកទេសនៅក្នុងខេត្តកោះកុងមានការងារធ្វើគ្រប់គ្នា និង១០ភាគរយទៀតនោះ ពួកគេទៅបង្កើតអាជីវកម្មផ្ទាល់ខ្លួន ដោយទទួលចំណូលពី៣០០ទៅ៤០០ដុល្លារ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ទទួលផ្តល់ចំណេះដឹងសិក្សាជំនាញបច្ចេកទេសចាប់ពីវគ្គសិក្សាខ្លីវិញ្ញាបនបត្រ រហូតដល់ថ្នាក់បរិញ្ញាបត្របច្ចេកទេស ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

មិនខុសពីបណ្តារាជធានី និងបណ្តាខេត្តដ៏ទៃទៀត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានរៀបចំទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ដូចគ្នាដែរ ដោយមានវិស័យរដ្ឋ និងឯកជន ចូលរួមដាក់តាំងជំនាញបច្ចេកទេស សេវាកម្ម និងផលិតភាពចំនួន១០មុខវិជ្ជាជំនាញបង្ហាញជូនសាធារណជន ជាពិសេសយុវជន និងសិស្សដែលមានបំណងចង់សិក្សា។ ជាក់ស្តែងមានអ្នកចូលរួមស្វែងយល់ជាង៦០០នាក់៕