(កណ្ដាល)៖ ថ្នាំញៀន និងសារធាតុផ្សុំថ្នាំញៀនសរុប៩៧,៩៨ គីឡូក្រាម ត្រូវបានតុលាការខេត្តកណ្ដាល និងអាជ្ញាធរសម្រេចបញ្ជូនទៅទាក់លេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីយកទៅបំផ្លាញចោល នាពេលខាងមុខ។
ពិធីបើកកេស ថ្លឹងថ្នាំញៀន និងសារធាតុផ្សុំថ្នាំញៀន បានធ្វើឡើងក្រោមវត្តមានមន្ត្រីមានសមត្ថកិច្ចទាំងអស់ជុំវិញខេត្តកណ្ដាល និងតំណាងអយ្យការ នៃសាលាដំបូងខេត្តនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២២។
ក្រោយការពិនិត្យរួចមក តំណាងអយ្យការ និងអាជ្ញាធរមានសមត្ថកិច្ច បានកំណត់បញ្ជូនថ្នាំញៀន និងសារធាតុផ្សំថ្នាំញៀនទាំង៩៧,៩៨ គីឡូក្រាម ទៅដុតកម្ទេចចោល រីឯថ្នាំញៀន និងសារធាតុផ្សំថ្នាំញៀនទម្ងន់ ៧.១៥៦គីឡូក្រាម តម្កល់ទុកធ្វើជាភស្តុតាងដោយបានចាក់ក្នុងកេសបិទទ្វារចាក់សោយ៉ាងមានសុវត្ថិភាព។
មន្ត្រីមួយរូបសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ថ្នាំញៀនទាំងនេះ ត្រូវបានចាប់ប្រមូលយកមកបានពីជនជាតិចិន និងប្រមូលផ្សែផ្សុំជារាប់រយករណី តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ហើយថ្នាំ និងសារធាតុទាំងនេះ ត្រូវបញ្ជូនទៅលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចាត់ចែងដុតកម្ទេចចោលនាពេលឆាប់ៗខាងមុខនេះ៕