(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកដំណើរការកម្មវិធីបណ្តុះបណ្តាលមួយ តាមប្រព័ន្ធអនឡាញ ស្តីពី «កម្មវិធីអភិវឌ្ឍន៍សមត្ថភាព សាលាជាតិរដ្ឋបាលមូលដ្ឋាន (កម្ពុជា)» ដែលមានការចូលរួមពីមន្ត្រីសិក្ខាកាមចំនួន២០នាក់ មកពីសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA)។

គោលបំណងនៃការបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្រ្តីមូលដ្ឋានរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍របស់ប្រទេសកូរ៉េ នៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស (HRD) និងការគ្រប់គ្រងធនធានមនុស្ស (HRM)។

ឆ្នាំនេះ KOICA បានរៀបចំវគ្គបណ្តុះបណ្តាលឆ្នាំទី២ តាមប្រព័ន្ធអនឡាញ ស្តីពី «កម្មវិធីអភិវឌ្ឍន៍សមត្ថភាព សាលាជាតិរដ្ឋបាលមូលដ្ឋាន (កម្ពុជា)» ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ មានរយៈពេល ៥ថ្ងៃនេះ គឺសម្រាប់មន្រ្តីចំនួន ២០រូប មកពីសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA)។

វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងដើម្បី ១៖ ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកចូលរួមសម្រាប់ HRD និង HRM ក្នុងវិស័យសាធារណៈ, ២៖ ដើម្បីគាំទ្រដល់ការបង្កើតប្រព័ន្ធបណ្តុះបណ្តាលសម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ និងលើកកម្ពស់សមត្ថភាពមន្ត្រីនៅ NASLA, ៣៖ ដើម្បីចូលរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍន៍ជាតិដោយគាំទ្រការអនុវត្តប្រកបដោយភាពជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់មន្រ្តីថ្នាក់ក្រោមជាតិនៅកម្ពុជា។

សិក្ខាកាមកម្ពុជាទាំងអស់ បានរៀបចំរបាយការណ៍ប្រចាំប្រទេស (Country Report) ដោយធ្វើការវិភាគលើបញ្ហានាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមធំៗ ដែលប្រទេសកំពុងជួបប្រទះ។ វាគឺជាផ្នែកមួយ នៃដំណើរការបង្កើតផែនការសកម្មភាព ដែលសិក្ខាកាម នឹងចូលរួមនៅក្នុងអំឡុងពេលនៃកម្មវិធីបណ្តុះបណ្តាល។

នៅប្រទេសកម្ពុជា KOICA ធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោងផ្សេងៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាការកែលម្អអាហារូបត្ថម្ភ និងសុខុមាលភាពរបស់សិស្ស ការពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត។

KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធី នៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស៕