(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា បានបើកដំណើរការកម្មវិធីបណ្តុះបណ្តាលមួយតាមប្រព័ន្ធអនឡាញ ស្តីពី «ការពង្រឹងសមត្ថភាព លើយន្តការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា» ដែលមានការចូលរួមពីសិក្ខាកាម មកពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីរួមចំណែកសម្រេចបាននូវសមត្ថភាព ផ្នែករដ្ឋបាលរបស់មន្ត្រីថ្នាក់ការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្ស។ ឆ្នាំនេះ KOICA បានរៀបចំវគ្គបណ្តុះបណ្តាលឆ្នាំទី៣ តាមប្រព័ន្ធអនឡាញ ស្តីពី «ការពង្រឹងសមត្ថភាពលើយន្តការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា» ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ មានរយៈពេល ១០ថ្ងៃនេះ គឺសម្រាប់មន្ត្រីបច្ចេកទេសចំនួន ២០រូប មកពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងដើម្បី ទី១៖ ផ្តល់នូវឯកសារយោងអំពីបទពិសោធន៍របស់ប្រទេសកូរ៉េ សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវផ្នែកសិទ្ធិមនុស្សនៅកម្ពុជា, ទី២៖ ជួយក្នុងការធ្វើឱ្យប្រសើរឡើង និងទំនើបកម្មនៃសន្តិភាព និងការអប់រំសិទ្ធិមនុស្ស, ទី៣៖ ពង្រឹងសមត្ថភាពមន្រ្តីស៊ីវិល នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពង្រឹងគោលនយោបាយប្រព័ន្ធសិទ្ធិមនុស្ស។

សិក្ខាកាមកម្ពុជាទាំងអស់ បានរៀបចំរបាយការណ៍ប្រចាំប្រទេស (Country Report) ដោយធ្វើការវិភាគលើបញ្ហានាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមធំៗ ដែលប្រទេសកំពុងជួបប្រទះ។ វា គឺជាផ្នែកមួយ នៃដំណើរការបង្កើតផែនការសកម្មភាព ដែលសិក្ខាកាម នឹងចូលរួមនៅក្នុងអំឡុងពេលនៃកម្មវិធីបណ្តុះបណ្តាល។

នៅប្រទេសកម្ពុជា KOICA ធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោងផ្សេងៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាការកែលម្អអាហារូបត្ថម្ភ និងសុខុមាលភាពរបស់សិស្ស ការពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត។ KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធី នៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស៕