(រុស្ស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប៉ុន្មាននាទីមុននេះ ទើបតែបញ្ចប់ជំនួបពិភាក្សា ការងារជាប្រវត្តិសាស្ត្រជាមួយ លោកប្រធានាធីបតី សហព័ន្ធរុស្ស៊ី Vladimir Putin នៅទីក្រុងសូឈី ប្រទេសរុស្ស៊ី។
បន្ទាប់ពីបញ្ចប់ជំនួបដ៏មានតម្លៃនេះភ្លាម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីលទ្ធផលនៃជំនួបថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចាត់ទុកប្រទេសកម្ពុជា ជាមិត្តចាស់ និងជាដៃគូប្រពៃណី។ លើសពីនេះ លោក Vladimir Putin បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តដ៏ជិតស្និទ្ធ និងជាទីទុកចិត្តបំផុត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កិច្ចពិភាក្សានោះ សម្តេច និងលោក Putin បានពិភាក្សាផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ ដែលភាគីទាំង២ យកចិត្តទុកដាក់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ខ្ញុំទើបបញ្ចប់ការពិភាក្សា ជាមួយប្រធានាធិបតី សហពន្ធ័រុស្ស៊ី Vladimir Putin ដែលគាត់ចាត់ទុកកម្ពុជាជាមិត្តចាស់ និងជាដៃគូប្រពៃណី ព្រមទាំងសម្តេច ហ៊ុន សែន គឺជាមិត្តដ៏ជិតស្និទ្ឋ និងជាទីទុកចិត្ត។ នេះជាពាក្យស្វាគមន៍របស់គាត់ ដែលពោរពេញដោយមនោសញ្ចេតនា និងការរាប់អាន។ ការពិភាក្សាបានផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់»៕