(ក្រចេះ)៖ លោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅកាត់ TVET DAY លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»។ ពិធីនេះដែរ មានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូសិក្ខាកាម សិស្ស និស្សិត មាតា បិតា ដៃគូអភិវឌ្ឍន៍ផងដែរ។
លោក អ៊ង់ គឹមភឿន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ បានថ្លែងថា ទិវាជាតិនេះ ត្រូវបានរៀបចំប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨មក ស្របតាមអនុក្រឹត្យលេខ ១៥០ អ.ន.ក្រ/ប.ក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់ ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ នៅក្នុងនិងក្រៅប្រទេស។
លោក ភឹម ភីរ៉ា បានការកោតសរសើរ ចំពោះលទ្ធផលសម្រេចបាន របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តក្រចេះ លោកសាស្រ្តចារ្យ និងគ្រូបច្ចេកទេស ដែលបានយកចិត្តទុកដាក់ ខិតខំបណ្ដុះបណ្ដាល តម្រង់ទិសដល់សិស្ស សិក្ខាកាម ដែលមកសិក្សារៀនសូត្រទាំងអស់បានទទួលចំណេះដឹង ចំណេះធ្វើ និងជំនាញក្នុងការប្រកបការងារ ដើម្បីធានា «យុវជនម្នាក់មានជំនាញមួយ យ៉ាងតិចប្រចាំជីវិត» ស្របតាមគោលនយោបាយ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះដែរ លោកសំណូមពរដល់សិស្ស និងសក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ និងត្រងត្រាប់ស្ដាប់ គ្រូឧទ្ទេស ដើម្បីស្រូបយកចំណេះ និងជំនាញ ក្នុងការផ្ដល់លទ្ធភាពឱ្យខ្លួនយើងមានការងារ ទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន៕