(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាថ្ងៃទី១៥ ខែមិថុនានេះ បានដឹកនាំលោកអភិបារងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលរងក្រុង បានចុះពិនិត្យមើលការរៀបចំសួនច្បារច្រាំងតាបុលបន្ថែម ជាប់នឹងកំណាត់ផ្លូវជាតិលេ១ និងពិនិត្យលើវឌ្ឍភាពផ្សេងៗទៀត ដែលជាចក្ខុវិស័យរបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍឲ្យមានការរីកចម្រើន។
លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការអភិវឌ្ឍកន្លងមកបានកែប្រែមុខមាត់ខេត្តស្វាយរៀង លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ច ឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅក្នុងទឹកដីខេត្តស្វាយរៀង ជាពិសេសក្នុងទឹកដីក្រុងស្វាយរៀង មានទាំងតំបន់សេដ្ឋកិច្ចពេសេស ផ្លូវថ្នល់ធំទូលាយ សួនច្បារមាត់ទន្លេដ៏ស្រស់បំព្រង ខ្យល់អាកាសត្រជាក់ សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ សេវាកម្មល្អ គួរជាទីគយគន់កម្សាន្ត។
លោកបានបន្តថា ក្នុងនាមលោកអភិបាលក្រុង និងរដ្ឋបាលក្រុងស្វាយរៀងទាំងមូលនឹងបន្តខិតខំចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលឱ្យបានខ្លាំងក្លាបន្តទៀត ព្រមទាំងអនុវត្តការរៀបចំសណ្តាប់ធ្នាប់ នៅក្រុងស្វាយរៀងឱ្យមានរបៀបរៀបរយល្អ និងរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា ទោះបីជំងឺកូវីដ-១៩បានរីករាលដាលជាសកល តែខេត្តស្វាយរៀងនៅតែបន្តការងារអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដោយថ្មីៗនេះរោងចក្រជាច្រើនបានបើកដំណើរការ ជាពិសេសរោងចក្រផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ ត្រូវបានដំណើរការផលិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈី លូ នៅក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕