(ម៉ាឌីវ)៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) គាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការ និងកិច្ចប្រជុំតុមូលរដ្ឋមន្ត្រីទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង ព្រមទាំងវេទិកាទេសចរណ៍សាកល ឆ្នាំ២០២៣។
នេះជាការគាំទ្រនៅក្នុងកិច្ចប្រជុំលើកទី៣៤ នៃគណៈកម្មការអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូងរបស់អង្គការទេសចរណ៍ពិភពលោក (United Nations World Tourism Organization) នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រទេសសមាជិកចំនួន១៩ ចូលរួមថ្នាក់រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ និងមានការចូលរួមពីសមាជិកជាដៃគូសន្ទនាជាអង្គការអន្តរជាតិក្នុងវិស័យទេសចរណ៍ជាច្រើនទៀត។
លោក ទ្រី ឈីវ ប្រធាននាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា បន្ទាប់ពីបានវាយតម្លៃស្ថានការណ៍ទេសចរណ៍នាអំឡុងវិបត្តិកូវីដ១៩ និងទស្សនវិស័យពិភពលោកនាពេលអនាគត អង្គប្រជុំបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណកម្មការ និងកិច្ចប្រជុំតុមូលរដ្ឋមន្ត្រីទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង វេទិកាទេសចរណ៍សកល និងសន្និសីទទេសចរណ៍មួយចំនួននៅកម្ពុជាឆ្នាំ២០២៣។
មន្ត្រីក្រសួងទេសចរណ៍ដដែលនេះបានបន្តថា ស្របតាមគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជាការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឆ្នាំ ២០២៣នេះ នឹងជាឱកាសផ្សព្វផ្សាយអំពីសុវត្ថិភាព និងភាពទាក់ទាញទេសចរណ៍នៅកម្ពុជាដល់ទេសចរអន្តរជាតិ ក៏ដូចជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិនានាផងដែរ ស្របពេលដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គាមលើកទី៣២។
យោងតាមអនុសាសន៍របស់អង្គការទេសចរណ៍ពិភពលោក ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការស្ដារវិស័យទេសចរណ៍ឲ្យងើបឡើងវិញបានឆាប់រហ័ស៕