(ភ្នំពេញ)៖ នាយកសាលាបឋមសិក្សាគោកបញ្ជាន់ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានកោះប្រជុំជាបន្ទាន់មួយ ហើយប្រកាសឱ្យ លោកគ្រូ អ្នកគ្រូទាំងអស់ នៅក្នុងសាលានេះ បញ្ឈប់ការយកលុយពីសិស្សតទៅទៀត ក្រោយពេលដែល សារព័តមាន Fresh News បានចុះផ្សាយដោយដកស្រង់សម្តី មាតាបិតាសិស្សថា មានករណីគ្រូ ក្នុងសាលានេះ យកលុយពីសិស្សរបស់ខ្លួន ៥០០រៀល ក្នុង១ថ្ងៃ។
តាមសេចក្តីបំភ្លឺរបស់លោក នាយកសាលាដែលផ្ញើទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ហើយត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានធ្វើការប្រជុំជាបន្ទាន់មួយ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៧គត់ ដោយបានដាក់កំណត់ឱ្យ លោកគ្រូ-អ្នកគ្រូទាំងអស់បញ្ឈប់រាល់ការប្រមូលលុយ ពីសិស្សទាំងស្រុង។
ក្រៅពីនោះ នាយកសាលានេះ ក៏បានតម្រូវឱ្យលោកគ្រូ-អ្នកគ្រូ ទាំងអស់ធ្វើកិច្ចសន្យាម្នាក់មួយច្បាប់ ដោយសង្កត់ធ្ងន់ថា គោរពពេលម៉ោងបង្រៀន ឱ្យបានទៀងទាត់ សម្លៀកបំពាក់សមរម្យ មិនយកលុយពីសិស្សក្នុងម៉ោងបង្រៀនជាដាច់ខាត មិនបើកបង្រៀនគួរក្នុងសាលារដ្ឋ និងគោរពតាមក្រមសីលធម៌គ្រូបង្រៀន ជាដើម៕