(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) នាឆ្នាំនេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ ចំណេះដឹង សមត្ថភាព ជំនាញ សីលធម៌វិជ្ជាជីវៈ និងផលិតភាពខ្ពស់ ព្រមទាំងជាប្រទេសដែលមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក ជាពិសេសក្រុមហ៊ុនផលិតធំៗឱ្យមកវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត ដើម្បីរួមចំណែកក្នុងការបង្កើនប្រាក់ចំណូល ការបង្កើតការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ។
គួរជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី អ៉ិត សំហេង នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងការប្រកួតប្រជែងខ្ពស់»
លោក អ៉ិត សំហេង បានឱដឹងថា ការរៀបចំទិវាជាតិនេះ ក្រៅពីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារសំខាន់នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការណែនាំមុខជំនាញបច្ចេកទេស និងព័ត៌មានអាហារូបករណ៍និងព័ត៌មានការងារ ជំរុញការផ្លាស់ប្តូរផ្នត់គំនិតរបស់សិស្សានុសិស្ស យុវជន កម្មករនិយោជិត និងមហាជនទូទៅ ឱ្យមើលឃើញពីតម្លៃ និងងាកមកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ ព្រមទាំងការធានាជាមុនសឹងតែពេញលេញក្នុងការទទួលបានការងារធ្វើប្រកបដោយប្រាក់ចំណូលល្អសមរម្យ។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា TVET អាចប្រែក្លាយក្តីសុបិន្តប្រជាពលរដ្ឋគ្រប់រូបទទួលបានការសិក្សាពេញមួយជីវិត ដោយមានប្រព័ន្ធឯកភាព អាចឆ្លងទៅ-មកបានដោយងាយស្រួល និងបើកឱកាសឱ្យអាចធ្វើការសម្រេចចិត្តក្នុងការធ្វើសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដែលមានកម្មវិធីបណ្ដុះបណ្ដាលថ្មីផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត១, ២, ៣, ៤ និង៥ សម្រាប់៥វិស័យ រួមមាន សំណង់ អគ្គិសនីនិងថាមពល អេឡិចត្រូនិក មេកានិក កម្មន្តសាល បរិក្ខារត្រជាក់និងកំដៅ និងធុរកិច្ច/ICT, បានដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុន ដែលនឹងធ្វើសមាហរណកម្មអ្នកបានទទួលការបណ្តុះបណ្តាលគ្រប់ប្រភេទទាំងមុន និងក្រោយចូលធ្វើការងារ និងទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ និងបានដាក់ឱ្យដំណើរការប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ពីចម្ងាយឬតាមអនឡាញ (National TVET E-Learning Platform) ជាដើម។
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២នេះ គឺជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមគ្នាជាចលនាជាតិមួយ ដើម្បីពង្រីកការយល់ដឹងអំពីតួនាទីនិងសារសំខាន់ចាំបាច់របស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការផ្តល់ការសិក្សាពេញមួយជីវិត ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងជាការបង្ហាញឱ្យឃើញជាក់ស្តែងថា TVET ពិតជាអាចធ្វើឱ្យផលិតភាពការងារកើន និងបង្កើនភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារការងារទាំងក្នុងស្រុកនិងក្រៅស្រុក។
ទិវានេះបាននិងកំពុងរៀបចំប្រារព្ធក្នុងពេលដំណាលគ្នានៅគ្រប់បណ្តារាជធានី-ខេត្ត ដោយមានការចូលរួមយ៉ាងផុលផុសពីគ្រប់ភាគីពាក់ព័ន្ធនានា ហើយត្រូវបានប៉ាន់ស្មានជាមុនថា នឹងមានអ្នកចូលរួមផ្ទាល់ប្រមាណជាង ៦ម៉ឺននាក់ ដែលវាជាការរៀបចំកម្មវិធីធំមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេស ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ដោយឡែកការរៀបចំប្រារព្ធរៀបចំទិវាជាតិនៅរាជធានីភ្នំពេញ គឺរៀបចំនៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្រ ដោយមានបញ្ជរសរុបចំនួន៥៥ ហើយត្រូវប៉ាន់ស្មានជាមុនថានឹងមានអ្នកចូលរួមប្រមាណជាង១ម៉ឺន៥ពាន់នាក់ រួមទាំងមានការបង្ហោះដ្រូនជាក្រុមនៅពេលយប់ចំនួន១៥០ផងដែរ៕