(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះពិនិត្យផ្លូវលំមួយខ្សែដែលមានប្រវែង៦.០០០ម៉ែត្រ ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ដែលកន្លងមក ផ្លូវ១ខ្សែនេះត្រូវបានបំផ្លាញដោយទឹកជំនន់។
ក្រោយពីសិក្សា និងពិនិត្យរួចរាល់ហើយ លោកដឹកនាំក្រុមការងារយកគ្រឿងចក្រ ឈូសឆាយកៀរកិនបង្ហាប់ និងចាក់ថ្មមិចឲ្យបានរួចរាល់មុនរដូវវស្សាចូលមកដល់ ដែលជាអំណោយរបស់លោក កែ គឹមយ៉ាន សមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។
លោក គាត ហ៊ុល បានថ្លែងថា ផ្លូវលំដែលត្រូវជួសជុលនោះមានប្រវែងជាង៦.០០០ម៉ែត្រ ចាប់ពីចំណុចជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិអណ្តូងថ្មមាស រហូតដល់ផ្លូវភ្ជាប់ចូលតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្ដាល។
លោក គាត ហ៊ុល បានបន្តថា ផ្លូវ១ខ្សែនេះសព្វនេះកំពុងដំណើរការស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើរ នៃការដឹកជញ្ជូនរបស់កសិករដឹកកសិផលយកមកលក់ក្នុងទីផ្សារ ក៏ដូចជាជួយបង្ខិតសេវារបស់ប្រជាពលរដ្ឋ មកជាមួយអាជ្ញាធរមានសមត្ថកិច្ច ពីតំបន់ជនបទមកទីប្រជុំជនឲ្យបានជិត និងស្រួលផងដែរ៕