(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹងចំនួន១ភូមិ គឺភូមិល្អក់ ស្ថិតក្នុងឃុំអូរជុំលើ ស្រុកអូរជុំ។ ពិធីប្រគល់ទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ។
លោក លី ឧសភា ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីកម្មសំណង់ និងសុរិយោដី ខេត្តរតនគិរី បានឲ្យដឹងថា ដោយអនុលោមតាមអនុក្រឹត្យលេខ ៩០ អនក្រ.បក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកាត់ផ្ទៃដីទំហំ១,២១៧ហិកតា៩៨អា និង៨៩សង់ទីអា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹង ស្ថិតនៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ចំនួន១៦៩គ្រួសារ មានប័ណ្ណសរុបចំនួន១៣វិញ្ញាបនបត្រ លើផ្ទៃដី១២៣០,២៣៤៥ហិកតា ក្នុងនោះរួមមាន៖
*ដីលំនៅឋានមានចំនួន ០១ ក្បាលដី ស្មើនឹង ១៩.៣៥៩៧ ហិកតា
*ដីកសិកម្មមានចំនួន ១០ ក្បាលដី ស្មើនឹង ១១៩៤,៦២៩២ ហិកតា
*ដីព្រៃកប់ខ្មោចមានចំនួន ០១ ក្បាលដី ស្មើនឹង ៥.១៥៩២ ហិកតា
*ដីព្រៃអារក្សមានចំនួន ០១ ក្បាលដី ស្មើនឹង ៧.០៨១៤ ហិកតា។
សំណេះសំណាលជាមួយបងប្អូនសហគមន៍ជនជាតិដើមភាគតិចទាំងពីរភូមិ ដែលបានអញ្ជើញមកទទួប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះលោក ញ៉ែម សំអឿន បានចាត់ទុកប័ណ្ណកម្មសិទ្ធិ ដីធ្លីសមូហភាព គឺជាឯកសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យ សហគមន៍ទាំងមូល ជាឯកសារតំណាងឲ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួនក្នុងការ ប្រើប្រាស់ និអាស្រ័យផលជាក់ស្តែងរៀងៗខ្លួន។
លោកអភិបាលខេត្តបន្តថា «ដីធ្លីដែលពុកម៉ែបងប្អូនបានចុះបញ្ជី ជាសមូហភាពនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណនេះ។ ដូច្នេះការចុះបញ្ជីជាលក្ខណៈសមូហភាព គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី និងធនធានធម្មជាតិ ក្នុងសហគមន៍ប្រកបដោយនិរន្តរភាព ដែលនឹងជំរុញ ការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លីរវាងភូមិ និងភូមិជាពិសេសការកាត់បន្ថយ ភាពក្រីក្រដែលជាគោលនយោបាយ ជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ដែលមានចំពោះជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា»។
ជាមួយគ្នានោះលោក ញ៉ែម សំអឿន ក៏បានថ្លែងការកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព និងផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ សហគមន៍ជនជាតិដើមភាគតិចទាំង២ភូមិ ត្រូវថែរក្សាឲ្យបានគង់វង្ស នូវប័ណ្ណកម្មសិទ្ធិសមូហភាពនេះ ហើយត្រូវមានសាមគ្គីភាពនៅក្នុងសហគមន៍ ថែរក្សាដីទាំងអស់ដែលបានចុះបញ្ជី និងប្រើប្រាស់ឲ្យមាននិរន្តរភាព សម្រាប់កូនចៅជំនាន់ក្រោយ៕