(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា យុវជនម្នាក់យ៉ាងតិចចាំបាច់ត្រូវមានជំនាញមួយដើម្បីបង្កើតឱកាសការងារ រកប្រាក់ចំណូលប្រចាំថ្ងៃ ដោះស្រាយជីវភាព។
ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តបានលើកឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសប្រារព្ធទិវាជាតិ អប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម។
ក្រៅពីបានអានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា៖ «យុវជនយើងបច្ចុប្បន្ន បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិរួច មិនសូវចាប់អារម្មណ៍អំពីសិក្សាជំនាញបច្ចេកទេសនោះទេ គឺពួកគាត់សម្លឹងទៅរកកម្រិតមហាវិទ្យាល័យតែម្ដង។ ដោយពួកគាត់មើលរំលងចំណេះជំនាញបច្ចេកទេស ដែលចំណេះដឹងនេះអាចរៀនរយៈពេលខ្លី អាចចេញទៅធ្វើការរកចំណូលប្រចាំថ្ងៃ និងធ្វើការរៀនបន្ថែម ដើម្បីពង្រីកមុខរបរផ្សេងៗទៀតធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង»។
នាឱកាសនោះដែរ លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការកសាងនូវធនធានមនុស្ស គឺចាប់ផ្ដើមពីកម្រិតជំនាញ ដើម្បីបង្កើតនូវមុខរបរ ការងារ ក្នុងគោលបំណងលើកកម្ពស់នៅកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍ។
បើតាមលោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម មានបណ្តុះបណ្តាលលើជំនាញដូចជា៖ វិស្វកម្មអគ្គិសនី វិស្វកម្មអេឡិចត្រូចនិក វិស្វកម្មយន្តសាស្ត្ររថយន្ត វិស្វកម្មសំណង់ស៊ីវិល បរិក្ខារត្រជាក់ឧស្សាហកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ និងមានជំនាញជាច្រើនទៀតស្របតាមតម្រូវការទីផ្សារការងារ។ ដោយវិទ្យាស្ថានបានបណ្តុះបណ្តាល ចាប់ពីកម្រិតវិញ្ញាបនបត្ររហូតដល់កម្រិតបរិញ្ញាបត្រ (ដោយសិក្សាចាប់ពីមួយសប្តាហ៍ រហូតដល់៥ឆ្នាំ)។
លោកនាយកបន្តថា វិទ្យាស្ថានបានខិតខំលើកកម្ពស់ការបណ្តុះបណ្តាល និងការងារ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង ដោយខិតខំស្វែងរកដៃគូ ដូចជារោងចក្រ សហគ្រាសដើម្បីឱ្យសិស្ស និស្សិតចុះហាត់ការ ការងារ និងកម្មសិក្សា។ ជាពិសេសស្វែងរកការងារជូននិស្សិតក្រោយបញ្ចប់ការសិក្សាស្របតាមជំនាញ និងសមត្ថភាពរបស់សិស្ស និស្សិតផងដែរ៕