(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd ដឹកនាំដោយលោក Laurent Olmeta, នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន CMA CGM និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក, លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
លោក Laurent Olmeta បានសំដែងនូវចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ទាក់ទងនឹងការដឹកជញ្ជូន តាមកំពង់ផែផងដែរ។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូអំពីគម្រោងសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគត ដែលក្នុងនោះរួមមាន៖ ការបញ្ចប់ផែនការមេភស្តុភារកម្មរបស់កម្ពុជា ដែលត្រូវការទុនវិនិយោគប្រមាណជិត៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍ គម្រោងប្រមាណ៣៣០គម្រោងក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូនរបស់កម្ពុជាកាន់តែ មានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន បង្កើតការងារធ្វើនៅកម្ពុជាផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនផងដែរអំពីប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ(Port EDI)ដើម្បីជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែ និងកាត់បន្ថយថ្លៃដើមដឹក ជញ្ជូនទំនិញតាម ផ្លូវសមុទ្រ ដែលគ្រោងនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ គម្រោងសាងសង់លើកកម្រិតព្រលានយន្តហោះចំនួន៣តាមស្តង់ដារអន្តរជាតិនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកោះកុង ដែលប្រតិបត្តិដោយ ក្រុមហ៊ុនឯកជន ឈរលើគោលការណ៍BOT (សាងសង់ ប្រតិបត្តិ ផ្ទេរ) និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់នៅខែកញ្ញាឆ្នាំ២០២២នេះ ដែលអាចជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញចំណាយពេលតិចជាងបីម៉ោង ទៅកាន់ខេត្តព្រះសីហនុ កាត់បន្ថយការប្រើប្រាស់ផ្លូវជាតិលេខ៤ដែលបច្ចុប្បន្នត្រូវចំណាយពេលប្រមាណ ៦ម៉ោងទៅកាន់ក្រុងកំពង់ផែមួយនេះ។
ជាមួយគ្នានោះដែរលោក លូ គឹមឈន់ ក៏បានសំដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនCMA ដែលមានបំណងចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុឡើងវិញ បន្ទាប់ពីបានអាក់ខានមួយរយៈ កន្លងមក និងបានជម្រាបជូនអំពីគម្រោងសាងសង់ផែកុងតឺន័រថ្មីដំណាក់កាលទី១ របស់កំពង់ស្វ័យតក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ការសិក្សាគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងកញ្ចប់តែមួយ ដើម្បីពង្រីកសមត្ថភាពកំពង់ផែឱ្យកាន់តែប្រសើរឡើងផងដែរ៕