(សៀមរាប)៖ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនក្មេងទំនើង ០៤នាក់យកទៅអប់រំ ខណៈដែលពួកគេមានកាន់កាំបិតខ្វែវតាមខ្លួន បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមូលដ្ឋាន។
លោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចុះល្បាតជុំវិញភូមិសាស្រ្ត និងបានប្រទះឃើញក្មេងទំនើង០១ក្រុម មានគ្នាចំនួន០៧នាក់ ជិះម៉ូតូចំនួន ០៤គ្រឿង និងមានដាក់កាំបិតខ្វែវតាមខ្លួន បង្កការភ្ញាក់ផ្អើល នៅចំណុចលើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ភ្លាមៗកម្លាំងអធិការដ្ឋានបានសហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែក និងប្រជាការពារចុះឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ និងនាំមកសួរនាំនៅអធិការដ្ឋាន ដែលពួកគេមានអាយុចន្លោះពី១៥ទៅ២២ឆ្នាំ។
ក្រោយសាកសួរ ក្មេងទំនើងទាំងនោះបានឆ្លើយសារភាពថា ពួកគេពិតជាបានដាក់កាំបិតខ្វែវតាមម៉ូតូដែលពួកខ្លួនជិះពិតប្រាកដមែន ដើម្បីទុកការពារខ្លួន។
ករណីខាងលើនេះ សមត្ថកិច្ចបានសហការជាមួយអាជ្ញាធរភូមិ អាណាព្យាបាល ដកហូតកាបិតខ្វែវចំនួន០១ដើម កោរសក់ពួកគេ ធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងអនុញ្ញាតអោយអាណាព្យាបាលធានាយកត្រឡប់ទៅផ្ទះវិញ៕