(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា ការរក្សាបាននូវចំណងមិត្តភាពដ៏ស្អិតល្មួតរវាងកម្ពុជា និងវៀតណាម បានធ្វើឲ្យអ្នកប្រឆាំងជាមួយរាជរដ្ឋាភិបាល រួមទាំងបរទេសមួយចំនួនផងដែរ មិនសប្បាយចិត្តនោះឡើយ ហើយពួកគេបានព្យាយាម និងចិញ្ចឹមចិត្តយ៉ាងខ្លាំង ក្នុងការបំបែកទំនាក់ទំនងមួយនេះ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលប្រជុំថ្មីរបស់សកលវិទ្យាល័យការពារជាតិ ដែលជាជំនួយរបស់ប្រទេសវៀតណាម នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា វៀតណាម បានចូលរួមចំណែកជួយប្រទេសកម្ពុជា យ៉ាងច្រើន ជាពិសេសក្នុងដំណាក់កាលតស៊ូរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ នាយឧត្តមសេនីយ៍ ទៀ បាញ់ បន្តថា ដើម្បី រំដោះប្រទេសជាតិចេញពីរណ្តៅមរណៈនេះ វៀតណាម បានជួយគាំទ្រទាំងស្មារតី និងសម្ភារៈ។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបញ្ជាក់ថា ការរក្សាបាននូវទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ធ្វើឲ្យអ្នកប្រឆាំងជាមួយរាជរដ្ឋាភិបាល ក៏ដូជាប្រទេស ដែលចង់ប្រើឥទ្ធិពលលើប្រទេសកម្ពុជា មិនសប្បាយចិត្តនោះឡើយ ហើយព្យាយាមរកគ្រប់មធ្យោបាយ ដើម្បីបំបាក់ទំនាក់ទំនង កម្ពុជា-វៀតណាម។
បើតាមនាយឧត្តមសេនីយ៍ ទៀ បាញ់ ការព្យាយាមប្រឌិតព័ត៌មានថា លោក ហ៊ុន ម៉ាណែត ជាកូនមេដឹកនាំប្រទេសវៀតណាម ក៏ជាចេតនា ក្នុងការបំបែកបំបាក់ទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំវៀតណាមផងដែរ។
ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះ «ពួកអមិត្តខ្លាចណាស់ ខ្លាចជាទីបំផុត! ខ្លាចថា ចំណងមិត្តភាពកម្ពុជា-វៀតណាម ដ៏ស្អិត ល្មួតនេះ គេមិនអាចបំពេញមហិច្ឆតារបស់គេបាននោះទេ។ រួមទាំងមហិច្ឆតាអ្នកមួយចំនួន ឬពីសំណាក់ឥទ្ធិពលបរទេសមួយចំនួន ដែលចង់ ត្រួតត្រា ឬក៏ចង់បញ្ចេញឥទ្ធិពលនៅព្រះរាជាណាចក្រកម្ពុជាយើង។ បើសិនសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដ៏ល្អ ស្អិតល្មួតរបៀប នេះ គឺជាឧបស័គ្គដ៏ធំណាស់សម្រាប់ពួកគេ»។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបញ្ជាក់ថា ផ្តើមចេញពីកិច្ចសហការក្នុងប្រកៀកស្មារំដោះកម្ពុជាចេញរបប ប៉ុល ពត មកដល់បច្ចុប្បន្នទំនាក់ទំនងកម្ពុជា-វៀតណាម នៅតែអាចរក្សាបាននូវចំណងមិត្តភាពយ៉ាងល្អប្រសើរ៕