(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខគ្រួសារស្ត្រីក្រីក្រ២គ្រួសារ ប្រកបរបរឡើងត្នោត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ស្រី្តមេម៉ាយទាំង ២នាក់ ប្រកបរបរឡើងត្នោតនេះ បានទទួលអំណោយឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានឈ្មោះដូចខាងក្រោមនេះ៖
១- ញឹក ចំរើន អាយុ ៣០ឆ្នាំ មានកូនតូចៗ២នាក់ នៅក្នុងបន្ទុក រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់។
២- ម៉ប់ ហួន អាយុ ៦២ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ ឃុំពង្រ។
ក្នុងឱកាសចុះសួរសុខទុក្ខស្ត្រីទាំងពីរនាក់ខាងលើនេះ លោកស្រីអគ្គលេខាធិការរងទី១ បាននាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដាំសួរសុខទុក្ខ និងការកោតសរសើរចំពោះជីវិត តស៊ូរបស់ពួកគាត់ ដែលបានចាប់យកមុខរបរឡើងត្នោត ទាំងប្រថុយប្រថាន យកទឹកមករំងាស់ធ្វើស្ករលក់ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោកស្រី ម៉ែន នារីសោភ័គ បានណែនាំឲ្យស្ត្រីឈ្មោះ ញឹក ចំរើន ដែលមានកូនកំពុងមានជំងឺ ត្រូវប្រញាប់ប្រញាល់ នាំកូនទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាល ហើយបន្ទាប់ពីនេះមក ត្រូវបញ្ជូនកូនៗ ទៅសាលារៀន ដើម្បីទទួលបានការសិក្សារៀនសូត្រដូចក្មេងៗដទៃទៀត។
ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តល់អំណោយមនុស្សធម៌ ជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ មី ទឹកសុទ្ធ ត្រីខ មុង ភួយ សារុង ក្រមា និងថវិកា២លានរៀល ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងបានណែនាំឲ្យពួកគាត់ផ្លាស់ប្តូរ ពីមុខរបរឡើងត្នោតដ៏ប្រថុយប្រថាននេះ មកជាការចិញ្ចឹមមាន់ ឬដាំបន្លែលក់វិញ។
ជាមួយគ្នានោះ ក្រុមការងារបានបន្តដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ស្ត្រីចាស់ជរា និងស្ដ្រីមេម៉ាយក្រីក្រ ជួបការលំបាកចំនួន ៣គ្រួសារទៀត រស់នៅភូមិកំពង់ពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ (ក្នុងនោះស្តី្រមេម៉ាយម្នាក់ មានកូនប្រុសធ្វើជាទាហាន ផ្នែករាវមីន នៅតំបន់ប្រាសាទព្រះវិហារ)។
សូមបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូនក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា និងថវិកាមួយចំនួនផងដែរ៕