(ព្រះវិហារ)៖ លោក ស៊ី គីរី សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារសម្របសម្រួលចុះជួយមូលដ្ឋានស្រុកគូលែន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះជួយស្រុកជួយឃុំ និងគណបក្សស្រុកគណបក្សឃុំ ដោយមានការចូលរួមជាកិត្តិយសពីលោក ឡុង សុវណ្ណ អនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ បានអញ្ជើញទៅអុជធូបលាបំណន់នៅរូបសំណាកលោកតាសួង អ្នកសច្ចំភ្នំត្បែងនៅរង្វង់មូលស្រុកគូលែន និងរូបស្តេចដំរីសនៅប្រាសាទកោះកែរ។ សូមបញ្ជាក់ថា នៅស្រុកគូលែន ខេត្តព្រះវិហារ គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។
លោក ស៊ី គីរី បានថ្លែងឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាស្រុកគូលែន ដែលឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ ថ្នាក់ និងក្រុមការងារគណបក្សចុះជួយស្រុកឃុំ និងមានការចូលរួមពីសមាជិក សមាជិកា និងអ្នកគាំទ្រជាច្រើន ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងស្រុកគូលែន បានគាំទ្រគណបក្សប្រជាជនកម្ពុជា និងបានទៅចូលរួមបោះឆ្នោតជូនគណបក្ស ធ្វើឱ្យគណបក្សឈ្នះឆ្នោតភ្លោះទឹកភ្លោះដី។
លោក ស៊ី គីរី បានថ្លែងបញ្ជាក់ឱ្យដឹងថា ក្រៅពីការខិតខំរួមគ្នាដើម្បីជោគជ័យរបស់គណបក្ស តាមរយៈរូបភាព និងសកម្មភាពជាក់ស្តែងផ្សេងៗផងនោះ ក្រុមការងារក៏បានបួងសួងបន់ស្រន់ដល់បារមី និងវត្ថុស័ក្កិសិទ្ធរួមមានរូបសំណាក លោកតាសួងអ្នកសច្ចំភ្នំត្បែង នៅរង្វង់មូលគូលែន និងរូបស្តេចដំរីស នៅប្រាសាទកោះកែរ តាមប្រពៃណីទំនៀមទំលាប់ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យ។
ដូច្នេះទន្ទឹមនឹងគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ ថ្ងៃនេះក្រុមការងារចុះជួយស្រុកគូលែនទាំងអស់ រួមជាមួយគណបក្សស្រុកគណបក្សឃុំ ក៏បានមកថ្លែងអំណរគុណ ដោយធ្វើពិធីសែនព្រេន អុជធូបលាបំណន់ លាមាត់លាកតាមប្រពៃណីផងដែរ ហើយនៅថ្ងៃខាងមុខលោកនឹងដឹកនាំបេក្ខភាពក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោត ចុះថ្លែងអំណរគុណតាមខ្នងផ្ទះប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទៀតផង។
សូមបញ្ជាក់ថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ឆ្នាំ២០២២នេះទូទាំងឃុំសង្កាត់ ទាំង៥១ នៅក្នុងខេត្តព្រះវិហារ គឺគណបក្សប្រជាជនកម្ពុជាឈ្នះទាំងអស់។
បើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះវិហារបានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២នេះ ខេត្តព្រះវិហារមាន៥១មណ្ឌុល មានការិយាល័យចំនួន៣៤៩ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១មាន១៤៣.៤៩៤ និងប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតមានចំនួន១១៨.៤៤៤ ស្មើនិង៨២.៥៤%៕