(កំពង់ស្ពឺ)៖ កុមារាអាយុ២ឆ្នាំម្នាក់ត្រូវបានសត្វឆ្កែខាំហែកញាំញី បណ្ដាលឱ្យរងរបួសពេញមុខ និងដងខ្លួន គួរឱ្យសង្វេកជាទីបំផុត។ រូបភាពនេះត្រូវបានបង្ហាញតាមរយៈវីដេអូនៅលើបណ្ដាញ Facebook ដែលបានបង្ហោះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។
ករណីនេះបានកើតឡើងលើកុមារឈ្មោះ លី រតនា អាយុ២ឆ្នាំ ដែលមានឪពុកឈ្មោះ ឆាត់ ផល្លី អាយុ៣១ឆ្នាំ រស់នៅភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ម្តាយឈ្មោះ ភិន ស្រីយ៉េង អាយុ២០ឆ្នាំ រស់នៅភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ឪពុកម្តាយក្មេងរងគ្រោះបានឲ្យដឹងថា ពួកគាត់ទៅធ្វើជាកម្មកររោងចក្រទាំង២នាក់ ហើយបានយកកូនទៅផ្ញើម្តាយនៅភូមិឈើនាងខ្ពស់ជួយមើលថែ ដោយបានផ្ញើជាងមួយឆ្នាំកន្លងមកហើយ។
ឪពុកម្តាយក្មេងរងគ្រោះបានបន្តថា ពេលឆ្កែខាំនោះក៏មានមនុស្សចាស់នៅជិតជួយដេញវាយឆ្កែដែរ ទើបកូនគាត់បានរួចបំផុតជីវិតពីសេចក្ដីស្លាប់ តែរបួសសុះខ្លួនអស់ហើយ។
អ្នកភូមិជិតនោះក៏បានបន្ថែមថា ឆ្កែនោះនៅផ្ទះឆ្ងាយពីគ្នាប្រហែល២០០ម៉ែត្រ វាដូចជាកាចខុសធម្មតា តែតាមមើលឆ្កែនោះវាមិនឆ្កួតទេ។
បន្ទាប់ពីកើតគេនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គេឃើញលោកឧត្តមសេនីសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏បានជួយឧបត្ថម្ភនូវថវិកាសម្រាប់ព្យាបាលខ្លះផងដែរ។
បចុប្បន្នកុមាររងគ្រោះបានត្រឡប់ពីមន្ទីរពេទ្យវិញហើយ និងកំពុងសម្រាកនៅផ្ទះខាងម្តាយ ភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕