(សៀមរាប)៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម(IFAD) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ បានរៀបចំសិក្ខាសាលាស្ដីពី «គោលនយោបាយជនជាតិដើមភាគតិច និងគោលការណ៍ណែនាំស្តីពីការប្រឆាំងនឹងការបៀតបៀន កេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ» នៅខេត្តសៀមរាប។
សិក្ខាសាលានេះ ស្ថិតក្នុងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថា «SAAMBAT» ដែលត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានកម្មវិធី ASPIRE នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក Fara Mparutsa តំណាង IFAD ប្រចាំកម្ពុជា, លោក សៀង កុមិរ៉ា ប្រធានគម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម និងមានសមាសភាពចូលរួមមានតំណាងអង្គភាពអនុវត្តគម្រោង SAAMBAT នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប តំណាងអង្គការដៃគូ តំណាងជនជាតិដើមភាគតិច មន្រ្តីពាក់ព័ន្ធសរុបចំនួន ៦០នាក់ ស្រី១៣ នាក់។
លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា សិក្ខាសាលានេះជាឱកាសជួបគ្នាទ្រង់ទ្រាយធំ បន្ទាប់ពីកម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩ រយៈពេលជាង១ខែមកមក ដែលលោកចាត់ទុកថា នេះជាជាសំណាងរបស់ពលរដ្ឋ ដែលមានប្រមុខរាជរដ្ឋាភិបាលប្រកបដោយភាពឈ្លាសវៃ គឺសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានទាន់ពេលវេលា ហើយមានសមត្ថភាពអាចស្វែងរកវ៉ាក់សាំងមកចាក់ឲ្យប្រជាពលរដ្ឋដោយមិងគិតថ្លៃបានគ្រាប់គ្រន់ ខណៈប្រទេសខ្លះមិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ឲ្យប្រជាជន។
ជាមួយគ្នានេះ លោកបានលើកឡើងអំពីគោលបំណងនៃសិក្ខាសាលានាពេលនេះគឺ ទី១៖ ផ្សព្វផ្សាយអំពីគោលនយោបាយរស់ IFAD និងរាជរដ្ឋាភិបាលស្ដីពីជនជាតិដើមភាគតិច ២៖ ពង្រឹងការយល់ដឹងពីខ្លឹមសារនៃគោលនយោបាយរបស់ IFAD និងរាជរដ្ឋាភិបាលស្ដីពីជនជាតិដើមភាគតិចដើម្បីពិចារណាក្នុងការបញ្ជ្រាបចូលក្នុងគម្រោងគាំទ្រជនជាតិដើមភាគតិច ៣៖ ដើម្បីបង្ហាញលទ្ធផលនៃគម្រោងដែលបានគាំទ្ររួម និងទិន្នន័យពាក់ព័ន្ធទៅនឹងអ្នកទទួលផលជាជនជាតិដើមភាគតិច ក្នុងគម្រោង SAAMBAT គម្រោង AIMS និងកម្មវិធី ASPIRE ដែលជាគម្រោង និងកម្មវិធីដែលគាំទ្រថវិកាដោយ IFAD ៤៖ ពង្រឹងការយល់ដឹងពីគោលនយោបាយរបស់ IFAD ក្នុងការឆ្លើយតប និងទប់ស្កាត់អំពើបៀតបៀន កេងប្រវញ្ច និងរំលោភបំពានផ្លូវភេទ។
គម្រោង «គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម» (SAAMBAT) ដែលគាំទ្រដោយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ធនាគារវិនិយោគអ៊ឺរ៉ុប (EIB) និងសហគមន៍អ៊ឺរ៉ុប (EU) កំពុងអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សន្តិសុខស្បៀងនៅកម្ពុជា តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ បណ្តុះបណ្តាលជំនាញ បច្ចេកវិទ្យា និងសហគ្រិនភាព ក្នុងគោលបំណងបង្កើនផលិតភាពនៅជនបទប្រកបដោយនិរន្តរភាព។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងដំណើរការងារអភិវឌ្ឍន៍ជនបទ ដើម្បីគាំពារដល់ការប្រឆាំងការបៀតបៀន សមភាពយេនឌ័រ និងលើកកម្ពស់ភាពសុខដុមរមនាដល់ជនជាតិដើមភាគតិច យើងពិតជាត្រូវការការចូលរួមសហប្រតិបត្តិការ និងការគាំទ្រពីគ្រប់តួអង្គនៅក្នុងកិច្ចការអភិវឌ្ឍន៍ជនបទ ដើម្បីឈានទៅសម្រេចបានគោលដៅប្រកបដោយភាពថ្លៃថ្នូរ និងមាននិរន្តរភាព៕