(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ៨៖១០នាទីយប់ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំស្តីពីដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។
លោក តូច ចាន់នី អគ្គនាយក នៃ អគ្គ នាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច បានឱ្យដឹងថា «កិច្ចប្រជុំកំពូលអ្នកដឹកនាំ ស្តីពីដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ» គឺជាវេទិកាសាកលមួយរៀបចំឡើង ដើម្បីរួមចំណែកក្នុងការការពារសិទ្ធិកុមារ និងលុបបំបាត់ការប្រើប្រាស់អំពើហិង្សាលើកុមារ។ វេទិកានេះ មានប្រទេសជាង ៣០ជាសមាជិក ហើយកម្ពុជា បានក្លាយជាសមាជិកកាលពីឆ្នាំ២០១៩។ កិច្ចប្រជុំកំពូលអ្នកដឹកនាំស្តីពីដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារនាឆ្នាំ២០២២នេះ ត្រូវបានរៀបចំធ្វើឡើងនៅសហរដ្ឋអាមេរិក។ មេដឹកនាំបណ្តាប្រទេសជាសមាជិក បានចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ផ្តល់នូវអនុសាសន៍ និងការប្តេជ្ញាចិត្តមួយចំនួន ដើម្បីឆ្ពោះទៅការលុបបំបាត់អំពើហិង្សាលើកុមារ។
នៅក្នុងសុន្ទរកថាចូលរួមក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ «កិច្ចប្រជុំកំពូលអ្នកដឹកនាំស្តីពីដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ»។
សម្តេចតេជោ បានគូសរំលេចថា ក្នុងនាមជាប្រទេសសមាជិកដៃគូសាកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ, រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់រាល់សកម្មភាពហិង្សាលើកុមារ និង លើកកម្ពស់កិច្ចការពារកុមារ។ ជាក់ស្តែង កម្ពុជាបានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយ និង ផែនការជាបន្តបន្ទាប់ ដូចជា ផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ ២០១៧-២០២១, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០១៦-២០២៥ និងគោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ ២០១៩-២០២៩ ជាដើម ដើម្បីឈានទៅសម្រេចឱ្យបាននូវការបញ្ចប់អំពើហិង្សាលើកុមារ។
បន្ថែមលើនេះ នៅឆ្នាំ២០១៩ កម្ពុជាបានក្លាយជាប្រទេសសមាជិក នៃភាពជាដៃគូសាកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដោយផ្ដល់អាទិភាពលើការពង្រឹងការអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ តាមរយៈការលើកកម្ពស់ការថែទាំតាមគ្រួសារ ជំនួសឱ្យការថែទាំនៅកន្លែងថែទាំកុមារជាដើម។
នៅឆ្នាំ២០២១ ផ្អែកតាមការវាយតម្លៃលើ ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០១៧-២០២១, ប្រទេសកម្ពុជាបាននិងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការទប់ស្កាត់នឹងអំពើហិង្សាលើកុមារ។ ជាទិសដៅទៅមុខ, កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មក្នុងការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ដូចជា នៅផ្ទះ, សាលារៀន និងក្នុងសហគមន៍។ ជាងនេះទៅទៀត, រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថា កុមារទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយប្រកប ដោយភាពអំណោយផលដល់ការលូតលាស់ ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់ និង កិច្ចការពារនានា សំដៅបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់ និង សម្រេចឱ្យបាននូវការប្ដេជ្ញារបស់កម្ពុជា ក្នុងក្របខណ្ឌតំបន់ និង សកល តាមរយៈការអនុវត្តនូវផែនការ និង គោលនយោបាយជាតិនានា ដែលបានដាក់ចេញ។
បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសនីមួយៗ, ការឈានទៅបញ្ចប់អំពើហិង្សាលើកុមារជារួមក៏តម្រូវឱ្យមានកិច្ចសហការជាសាកល ជាពិសេស ក្នុងបរិបទនៃការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបន្ទច់បង្អាក់នូវវឌ្ឍនភាពនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទាក់ទងទៅនឹង
ការបញ្ចប់អំពើហិង្សាលើកុមារ។
ដើម្បីឈានឆ្ពោះទៅបញ្ចប់អំពើហិង្សាលើកុមារជាសាកល បានផ្តល់នូវមតិយោបល់ចំនួន៣ដូចខាងក្រោម៖
ទី១៖ លើកកម្ពស់ស្មារតីរួបរួមគ្នា និង ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ទាំងទ្វេភាគី និង ពហុភាគី ដើម្បីលើកស្ទួយសុខុមាលកុមារ និង កិច្ចការពារកុមារ, ជាពិសេសពង្រឹងយន្តការសម្របសម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ សំដៅចែករំលែកទិន្នន័យ និង ព័ត៌មានសំខាន់ៗ ដើម្បីចាត់វិធានការទាន់ពេល និង តឹងរ៉ឹងដាច់ខាត ចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់លើកុមារ
ទី២៖ ជំរុញការប្តេជ្ញាចិត្តជាសាកល តាមរយៈការកៀរគរធនធាន ទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ដើម្បីគាំទ្រ និង ធានាចីរភាពនៃចលនាបញ្ចប់អំពើហិង្សាលើកុមារ ទាំងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និង អង្គការអន្តរជាតិ ក៏ដូចជាតំបន់ដទៃទៀត
ទី៣៖ ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅនានា របស់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេស ចំណុចដៅ ១៦.២៖ ការបញ្ចប់រាល់ទម្រង់ទាំងអស់នៃអំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ២០៣០៕