(ហ្សឺណែវ, ស្វីស)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកម្មវិធីពិភាក្សាស្ដីពីកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework - EIF) ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ (MC12) នៅអង្គការពាណិជ្ជកម្មពិភពលោក។
ក្នុងកម្មវិធីនេះ លោករដ្ឋមន្ត្រី ក៏បានចូលរួមថ្លែងបទអន្តរាគមន៍ ដោយបានកោតសរសើរ និងចាត់ទុកកម្មវិធី EIF ជាដៃគូដ៏សំខាន់មួយដែលផ្តល់ជំនួយបច្ចេកទេសសម្រាប់កសាងសមត្ថភាព និងការអភិវឌ្ឍន៍សមត្ថភាពផលិត។
លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះគោលការណ៍នៃភាពជាដៃគូ និងភាពជាម្ចាស់ការនៃប្រទេសទទួលជំនួយរបស់កម្មវិធី EIF ថាជាកត្តាសំខាន់ក្នុងការអនុវត្តជំនួយបច្ចេកទេសទាំងនេះ ដែលបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់គ្រប់វិស័យគោលដៅទាំងអស់។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានរំលេចពីលទ្ធផលវិជ្ជមាននៃជំនួយរបស់កម្មវិធី EIF ក្នុងការអភិវឌ្ឍសមត្ថភាពប្រកបដោយផលិតភាព ក្នុងវិស័យស្រូវអង្ករ ដំឡូងមី សូត្រ ជលផលសមុទ្រ និងការបង្កើតវិទ្យាស្ថានម្ហូបអាហារកម្ពុជា។
លោករដ្ឋមន្រ្តី ក៏បានលើកឡើងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជា កំពុងអនុវត្តគម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ជាមួយកម្មវិធី EIF ហើយតាមរយៈការបង្កើតផ្សារខេមបូត្រេដ “Cambodiatrade.com” ដែលជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា សហគ្រាសធុនតូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ។
សូមបញ្ជាក់ជូនផងដែរថា តាមរយៈកិច្ចសហការជាមួយកម្មវិធី EIF ប្រទេសកម្ពុជា អាចគៀងគរជំនួយបន្ថែមពីអង្គការអន្តរជាតិផ្សេងៗដូចជា ITC, IFC, UNDP, UNIDO, UNCTAD, Swisscontact និងវិស័យឯកជន យកមកប្រើប្រាស់សម្រាប់បង្កើនការនាំចេញ បង្កើតការងារ ជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម ស្រ្តី យុវជន និងការលើកកម្ពស់បរិស្ថានក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ៕