(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះបានឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី៥ ដែលត្រូវជាលើកទី១១ (ឆ្នាំទី១១) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២រៀងមក។
ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងឱកាសនោះដែរ ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស។
ក្នុងឱកាសជួបសវនាការនោះ លោកស្រីអគ្គលេខាធិការ បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាព រួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិ ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជារាប់ពាន់ រាប់ម៉ឺននាក់នៅទូទាំងប្រទេស។
ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ បានគូសបញ្ជាក់ថា «ចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា គឺជាអាទិភាពមួយដែលតែងតែស្ថិតនៅក្នុងព្រះរាជហឫទ័យ និងដួងចិត្ត ជានិច្ចរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងការគិតគូរ និងចូលរួមចំណែករែកពន់ជាមួយរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យកុមារគន្ធបុប្ផា អាចបន្តបេសកកម្មផ្តល់សេវាសុខភាពជូនដល់កុមារកម្ពុជារាប់ម៉ឺនសែននាក់បន្តទៅទៀត»។
បន្ថែមពីនេះ លោកស្រី ក៏បានជម្រាបជូនអំពីសកម្មភាពកៀរគររកមូលនិធិរបស់កាកបាទក្រហមកម្ពុជា ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងការអនុវត្តសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជាផងដែរ។
ជាកិច្ចឆ្លើយតប លោក រស់ សីលវ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលខិតខំស្វះស្វែងរកការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ហើយបានបន្តចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាមូលធនមនុស្សនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា នៅតែមានលទ្ធភាពក្នុងការទ្រទ្រង់ប្រតិបត្តិការ ផ្តល់នូវសេវាកម្មជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាឱ្យបានជារៀងដរាប។ ជាមួយគ្នានេះដែរ លោកបានគូសបញ្ជាក់ថា «មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស បាននិងកំពុងពិភាក្សា ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំ គិតគូរពីការពង្រីកមន្ទីរពេទ្យ ពីការបំពាក់គ្រឿងបរិក្ខារពេទ្យទំនើបទាន់សម័យ និងការផ្តល់សេវាសុខភាពនានា ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ»។
ឆ្លៀតក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត Denis Laurent ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២រៀងមក មកដល់ពេលនេះ គឺចំនួន ១១លើកហើយ ដែលនេះជាការឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ជួយសង្គ្រោះអាយុជីវិតដល់កុមារទាំងអស់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផា៕