(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា សំណើរបស់ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង ដែលផ្ញើទៅអង្គការសហប្រជាជាតិ ឱ្យអន្តរាគមន៍កោះប្រជុំប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោះស្រាយបញ្ហានយោបាយនៅកម្ពុជានោះ នឹងមិនមានប្រសិទ្ធភាពនោះទេ។
លោកបានបញ្ជាាក់ថា អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងដើម្បីការពារដោះស្រាយកុំឱ្យមាន សង្រ្គាមលោកកើតឡើងបន្តទៀត ប៉ុន្តែមិនមានតួនាទីលូកលាន់លើកិច្ចការផ្ទៃក្នុងប្រទេសណាមួយឡើយ។
លោក សុខ ឥសាន បានប្រាប់ Fresh News ឱ្យដឹងថា «គាត់មានការយល់ច្រឡំចំបោះតួនាទី ភារកិច្ចរបស់អង្គការសហប្រជាជាតិហើយ។ ការបង្កើតអង្គការសហប្រជាជាតិឡើង មិនមែនឱ្យត្រួតត្រា គ្រប់គ្រងប្រទេសសមាជិកនៅលើពិភពលោកទេ គេឱ្យគ្រាន់តែសម្របសម្រួល កុំឱ្យកើតសង្រ្គាមលោកលើកទី៣ លើកទី៤ តទៅមុខទៀតតែប៉ុណ្ណោះ អញ្ចឹងអង្គការសហប្រជាជាតិមិនលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជា សមាជិកនោះទេ ហើយរាល់សំណើរបស់គាត់ដែលលើកទៅអង្គការសហប្រជាជាតិនាពេលនេះ នឹងមិនមានប្រសិទ្ធភាពនោះទេ»។
លោក សុខ ឥសាន បញ្ជាក់ទៀតថា «គាត់ជាអ្នកបង្កើតបញ្ហា ហើយគាត់បានស្រែកឱ្យគេជួយ រាល់ថ្ងៃមានអ្វីដែលថារំលោភសិទ្ធិមនុស្ស គេអនុវត្តច្បាប់តែចំពោះជនណាដែលរំលោភច្បាប់តែប៉ុណ្ណោះ បើសមាជិក សមាជិការបស់គាត់ប្រព្រឹត្តល្មើស គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ»។
នាថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សរបស់ខ្លួន បានសរសេរលិខិតទៅ លោក បាន គីមូន ដោយរៀបរាប់អំពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។ លិខិតនោះ ក៏បានលើកឡើងថា ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នោះមក បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នៅមិនទាន់មានភាពល្អប្រសើឡើយ៕