(រតនគិរី)៖ លោកចៅសង្កាត់ជាប់ឆ្នោតថ្មីក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានថ្លែងអំណរគុណសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន កម្ពុជាឲ្យបន្តដឹកនាំនិងធ្វើការអភិវឌ្ឍក្នុងភូមិសង្កាត់បន្តទៀត។

លោក ទុន ពៅ ចៅសង្កាត់ជាប់ឆ្នោតថ្មីក្នុងសង្កាត់កាចាញ (៥អាណត្តិ) របស់គណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានថ្លែងអំណរគុណសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងសង្កាត់កាចាញទាំងអស់ ដែលបានខិតខំដោយមិនគិតពីការនឿយហត់ និងបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកជាបេក្ខភាពឈរឈ្មោះ ជាចៅសង្កាត់ បានធ្វើឲ្យសង្កាត់កាចាញនេះទទួលបាន6អសនៈក្នុងចំណោម៧អសនៈ។

ក្នុងនាមលោកជាចៅសង្កាត់ជាប់ឆ្នោតគណបក្សប្រជាជនកម្ពុជា ដើម្បីជាកិច្ចតបស្នងសងគុណដល់ប្រជាពលរដ្ឋដែលបានផ្តល់ទំនុកចិត្តដល់គណបក្សប្រជាជនកម្ពុជា, លោកនឹងយកអស់ពីកម្លាំងកាយចិត្តបម្រើដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។

ជាចុងក្រោយនេះលោកចៅសង្កាត់កាចាញ បានប្តេជ្ញាចិត្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានភូមិសង្កាត់ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត, បន្តដឹកនាំប្រជាពលរដ្ឋក្នុងសង្កាត់កាចាញបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខ ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយសុខសន្តិភាពនេះនឹងមានតកូនតចៅជារៀងរហូត៕