(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យទេសចរណ៍ លើកលែងតែផ្នែកសណ្ឋាគារក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងការងារ បានបញ្ជាក់ថា ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ ក្នុងបណ្តារាជធានី ខេត្ត បានបើកដំណើរការជាបណ្តើរៗឡើងវិញ។
ក្រសួងបានបន្តថា យោងសេចក្តីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស និងកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍ គិតចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ តទៅ លើកលែងតែកម្មករនិយោជិតដែលបម្រើការផ្នែកសណ្ឋាគារ ក្នុងខេត្តសៀមរាបប៉ុណ្ណោះ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖