(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដែលអមដំណើរដោយអភិបាលរងខណ្ឌ ព្រមទាំងមន្រ្តីក្រោមឱវាទ ដោយអញ្ជើញចុះជួបសំណេះសំណាល និងផ្ដល់អំណោយ ទៅដល់បងប្អូនប្រជាពលរដ្ឋក្រីក្រប្រមាណ១១០គ្រួសារ នៅសង្កាត់ទួលស្វាយព្រៃទី១ ដើម្បីទុកដោះស្រាយជីវភាព ខណៈជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃនៅចំពោះមុខនេះ។
បងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំង១១០គ្រួសារ ខាងលើនោះ ពោលគឺពួកគាត់បានសម្ដែងនូវទឹកចិត្ត ដោយញញឹមសប្បាយរីករាយពេលបានទទួលអំណោយដោយផ្ទាល់ដៃពីសំណាក់លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន។
លោក ធឹម សំអាន បានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រទាំង១១០គ្រួសារ នៅថ្ងៃនេះ គឺជាគ្រឿងបរិភោគជាច្រើនមុខផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក ធឹម សំអាន បានលើកឡើងថា ការផ្ដល់អំណោយជូនដល់បងប្អូនទីទ័លក្រ នៅពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រាផងដែរ។
ជាមួយគ្នានេះដែរលោក ធឹម សំអាន បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង សូមអោយបន្តមើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នាផងដែរ។ នៅពេលនេះ សូមបងប្អូនទៅទទួលការចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ១៩ ដូសទី៥ ឬដូសជម្រុញ នៅតាមមណ្ឌលសុខភាព អោយបានគ្រប់ៗគ្នាផងដែរ។
លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានឲ្យដឹងថា អំណោយរួមមាន៖ អង្ករ ចំនួន ១០គីឡូ, មី ចំនួន ១០កញ្ចប់, ទឹកសុីអុីវ ចំនួន ១ដប, ត្រីខនចំនួន ៤កំប៉ុង៕