(ភ្នំពេញ)៖ ម៉ាស៊ីនស្កេនកាំរស្មីអ៉ិច ចំនួន១១គ្រឿង ក្រោមជំនួយឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈផ្នែកសន្តិសុខ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជូនចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់ប្រើប្រាស់ ក្នុងការត្រួតពិនិត្យ ទប់ស្កាត់ការជួញដូរសព្វាវុធខុសច្បាប់ គ្រឿងញៀន និងសារធាតុញៀន ដើម្បីចូលរួមចំណែករក្សានូវសុវត្ថិភាពនិងសន្តិសុខជាតិ ជាពិសេសកិច្ចប្រជុំអាស៊ានលើកទី៤០ ក្នុងឆ្នាំ២០២២នេះ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការតម្លើង និងពិនិត្យ ម៉ាស៊ីនស្កេនកាំរស្មីអ៉ិចនៅច្រកទ្វារព្រំដែនអន្តរជាតិ ក្រោមការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, លោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារគ្រប់គ្រងម៉ាស៊ីនស្កេនកាំរស្មីអ៉ិច បានដឹកនាំដោយបានធ្វើការដឹកនាំក្រុមការងារបច្ចេកទេស ធ្វើការចុះពិនិត្យ និងតម្លើងម៉ាស៊ីនស្កេនកាំរស្មីអ៉ិចនៅច្រកទ្វារ ព្រំដែនអន្តរជាតិ ដោយបានបែងចែកជាពីរជំហាន ចំពោះដំណើរការរៀបចំតម្លើងម៉ាស៊ីនស្កេនកាំរស្មីអ៉ិចនេះ។

នៅក្នុងជំហានទី១នេះ ក្រុមការងារបច្ចេកទេស បានធ្វើការតម្លើង តាមបណ្តោយខ្សែបន្ទាត់ព្រំដែនថៃ និងវៀតណាម មួយចំនួនហើយ។ ចំពោះជំហានទី២ នឹងផ្តោតសំខាន់ទៅលើខ្សែបន្ទាត់ព្រំដែនវៀត ណាម និងឡាវ ដែលតាមគម្រោងនឹងតម្លើងក្នុងពេលឆាប់ៗខាងមុខនេះ។

ម៉ាស៊ីនស្កេនត្រូវបានដាក់ ឲ្យប្រើប្រាស់ជាផ្លូវការក្រោយពេលតម្លើងរួច ស្របទៅតាមមតិដឹកនាំរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕