(ភ្នំពេញ)៖ ផែនការអុកឡុកសភាពការណ៍របស់ ឈឹម ស៊ីថរ និងគូកននៅមិនទាន់ចប់នៅឡើយនោះទេ។ កាលពីមុនការបោះឆ្នោតឃុំសង្កាត់ដែលទើបកន្លងផុតទៅថ្មីៗនេះ ពួកគេបានរៀបចំឈុតឆាកជាច្រើនដើម្បីបំផ្លាញមុខមាត់ និងកិត្យានុភាពរបស់រដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅលើឆាកអន្តរជាតិ ជាពិសេសដើម្បីទម្លាក់កំហុស និងបង្កាច់បង្ខូចអាជ្ញាធរមានសមត្ថកិច្ច តាមរយៈការធ្វើសកម្មភាពផ្សេងៗ ដែលពួកបរទេសធ្លាប់បានធ្វើការបណ្តុះបណ្តាលដូចជា ការធ្វើពុតជាដួលនៅពេលសមត្ថកិច្ច សំណូមពរឲ្យឡើងឡានក្រុងទៅទីលានប្រជាធិប្បតេយ្យ ខណៈបក្សពួកផ្សេងទៀតបានថតរូបបង្ហោះ ដោយចោទសមត្ថកិច្ចថាបានធ្វើបាបកម្មករជាដើម។

យុទ្ធសាស្ត្រនេះមានគោលដៅជួយដល់ក្រុមប្រឆាំង ក្នុងការដណ្តើមកៅអីមេឃុំ ចៅសង្កាត់ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែល្បិចកលនេះមិនទទួលបានលទ្ធផលឡើយ ពីព្រោះប្រជាពលរដ្ឋខ្មែរមិនបានចាប់អារម្មណ៍ចំពោះទង្វើបំពានច្បាប់ ក៏ដូចជាការតវ៉ាទាមទារខុសទំនងនេះនោះទេ ហើយបន្តបោះឆ្នោតជូនគណបក្សកាន់អំណាចដែលដឹកនាំដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឲ្យគណបក្សកាន់អំណាចនេះទទួលបានសំឡេងភាគច្រើនលើសលប់ ជាពិសេសទទួលបានតំណែងចៅសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ។

ទោះជាយ៉ាងនេះក៏ដោយ ក៏មេសហជីពអស់សុពលភាព និងជាសកម្មនយោបាយគាំទ្រក្រុមប្រឆាំងផ្កាប់មុខជ្រុលនិយមឈ្មោះ ឈឹម ស៊ីថរ និងបក្សពួកមួយក្តាប់តូចនេះ នៅមិនបញ្ឈប់សកម្មភាពរបស់ខ្លួនដែរ។ ឥឡូវនេះពួកគេបានប្រជុំដាក់ផែនការជាថ្មីដើម្បីបន្តអុកឡុករំខានរដ្ឋាភិបាល។ ជាក់ស្តែងយោងតាមការរៀបរាប់របស់ អតីតបុគ្គលិកណាហ្កាវើលដ៍ ដែលបានចូលប្រជុំតាមអ៊នឡាញជាប្រចាំជាមួយ ឈឹម ស៊ីថរ និងដែលបានចេញមកទទួលយកដំណោះស្រាយតាមកិច្ចសន្យាការងារជាមួយក្រុមហ៊ុន បានឲ្យដឹងថា «នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ឈឹម ស៊ីថរ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ដោយបានដាក់ចេញនូវផែនការសកម្មភាព ដើម្បីធ្វើឲ្យមានការរំខានដល់អាជ្ញាធរនិងរាជរដ្ឋាភិបាល»

ផែនការសកម្មភាពរបស់ពួកគេ គឺរៀបចំញ្ញត្តិដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដោយប្រមូលផ្តុំទ្រង់ទ្រាយធំនៅមុខភូមិគ្រឹះរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។ បន្ទាប់មកទៀត ពួកគេគ្រោងរៀបចំធ្វើសន្និសីទកាសែតដើម្បីត្អូញត្អែរពីបញ្ហារបស់ខ្លួន ដោយតម្រូវឲ្យកូនក្រុមទាំងអស់ជួយ ស៊ែរផេកឱ្យបានផូសផុលក្នុងគោលបំណងទាក់ទាញការអាណិតអាសូរ។ ឈឹម ស៊ីថរ ក៏បានដាក់ផែនការ ឲ្យគូកនទាំងអស់កុំឲ្យឡើងលើរថយន្តក្រុង ដែលរដ្ឋបាលរាជធានីរៀបចំ ព្រមទាំងតម្រូវឲ្យអង្គុយលើទីតាំងដែលអាជ្ញាធររុញឡើងឡាន។

ឈឹម ស៊ីថរ អះអាងថា នឹងដឹកនាំចេញធ្វើសកម្មភាពដោយផ្ទាល់ ប្រសិនបើសមាជិកក្រុមដឹកនាំមិនហ៊ានចេញធ្វើសកម្មភាពទេ ដោយអះអាងថា ពួកគេអាចជ្រើសរើសថ្ងៃណាមួយ ដើម្បីប្រមូលផ្តុំកម្លាំងរហូតធ្វើឱ្យអាជ្ញាធរខ្លាច និងទប់លែងជាប់។ ទាំងអស់នេះគឺជាផែនការដែលមានលក្ខណៈញុះញង់ និងចាប់បង្ខំឲ្យគូកនរបស់ខ្លួនធ្វើ សកម្មភាពបើទោះបីជាអ្នកខ្លះបានសំដែងការមិនយល់ស្របក៏ដោយ។

អ្វីដែលគួរឲ្យកត់សម្គាល់គឺសកម្មជននយោបាយ ឈឹម ស៊ីថរ កំពុងព្យាយាមយកអតីតបុគ្គលិកណាហ្គាវើលដ៍ទាំងនោះធ្វើជាឈ្នាន់ដើម្បីចង់បានតំណែង ប្រធានសហជីពរបស់ខ្លួនមកវិញ ដោយសុខចិត្តបំភាន់ឲ្យអតីតបុគ្គលិកទាំងនោះយល់ច្រឡំថា ការទាមទារឲ្យថៅកែយកធ្វើការវិញជាសិទ្ធិការងារ។ តាមពិត សិទ្ធិការងារគឺជាសិទ្ធិដែលថៅកែ និងនិយោជិតបានយល់ព្រមជ្រើសរើស និងទទួលយកការងារធ្វើជាថ្នូរនឹងប្រាក់ឈ្នួល និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
ក្នុងករណីដែលភាគីណាមួយយល់ឃើញថា ខ្លួនមិនអាចទទួលយកបាន ពួកគេមានសិទ្ធិសុំឈប់ពីការងារ ឬបញ្ឈប់ពីការងារដោយអនុវត្តតាមច្បាប់ស្តីពីការងារ តាមរយៈការទូទាត់សំណងនិងផល ប្រយោជន៍ផ្សេងៗ។

«គ្មានថៅកែណាមានសិទ្ធិបង្ខំឲ្យនិយោជិតណាម្នាក់អោយនៅធ្វើការបម្រើខ្លួនអស់មួយជីវិតទាំងដែលគេមិនពេញចិត្តនោះឡើយ»ហើយ« ក៏គ្មាននិយោជិតណាមានសិទ្ធិបង្ខំឲ្យថៅកែទទួលយកខ្លួនធ្វើ ការរហូតទាំងដែលថៅកែមិនពេញចិត្តនោះឡើយដែរ»

ហេតុដូច្នេះហើយបានជាគេបង្កើតច្បាប់ការងារឬកិច្ចសន្យាការងារដើម្បីឲ្យភាគីទាំងអស់គោរពក្នុងករណីដែលមានការ សុំលាឈប់ ឬការបញ្ឈប់ពីការងារ។ ប៉ុន្តែ ឈឹម ស៊ីថរ បែរជាមិនយល់ពីគោលការណ៍នេះហើយចាប់បង្ខំឲ្យនិយោជក់ទទួលយកខ្លួននិងគូកនឲ្យនៅធ្វើការទាំងដែលក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់និងយល់ព្រមផ្តល់សំណងតាមច្បាប់ការងារ។
ម្យ៉ាងវិញទៀតកន្លងមក រដ្ឋាភិបាលតែងតែបានខិតខំប្រឹងប្រែងអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការអព្យាក្រឹត្យ ហើយក្រសួងការងារ ក៏បានចេញសេចក្តីប្រកាសជាបន្តបន្ទាប់ និងបានលើកទឹកចិត្តដោយមិនមានភាពលម្អៀងឱ្យមានការជួបជជែកគ្នារហូតដល់ទៅ១១ដង ដើម្បីស្វះស្វែងឱ្យក្រុមអ្នកតវ៉ា ព្រមទទួលយកប្រាក់អតីតភាព ការងារ និងខិតខំ ស្វែងរកកន្លែងធ្វើការថ្មី ដើម្បីជាការជំនួស។

ប៉ុន្តែហេតុអ្វីបានជាក្រុមអតីតបុគ្គលិកនៅតែបន្តបដិសេធ មិនព្រមទទួលយក ខណៈដែលពួកគាត់ក៏សុទ្ធតែបានយល់ច្បាស់ហើយដែរថា ការដោះស្រាយបានឈានមកដល់ ដំណាក់កាលនេះ មិនអាចវិលត្រលប់ក្រោយវិញបាននោះទេព្រោះវាអាច បង្កឱ្យមានភាព ច្របូកច្របល់។

អ្វីដែលអាក្រក់បំផុតទៀតនោះគឺ ផែនការបង្កប់ដោយល្បិចទុច្ចរិតដើម្បីទម្លាក់កំហុសលើអាជ្ញាធរដែលគ្រាន់តែចាំការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬក៏ជួយសម្របសម្រួលឲ្យមានកិច្ចពិភាក្សាគ្នារកដំណោះស្រាយ។ ឈុតឆាកដែលគេកំពុងរៀបចំពេលនេះគឺដើម្បីរុញដុំថ្មក្តៅដែលខ្លួនជាអ្នកដុតទៅឲ្យនាយករដ្ឋមន្ត្រី ក្នុងគោលបំណងភ្ជាប់រឿងនេះទៅរាជរដ្ឋាភិបាល។ ឈុតឆាកដែល ឈឹម ស៊ីថរ កំពុងរៀបចំនេះទៀតសោតគឺជាការសម្តែង «ទឹកភ្នែកក្រពើ» ដើម្បីទាក់ទាញក្តីអាណិតអាសូរពីមហាជនឲ្យមើលឃើញថា ពួកគេជាជនរងគ្រោះតែតាមពិតគឺពួកគេនេះហើយជាអ្នកធ្វើឲ្យបញ្ហាអូសបន្លាយ ក្រោមរបៀបវារៈនយោបាយដោយមិនទទួល យកដំណោះស្រាយតាមផ្លូវច្បាប់។

ទោះជាយ៉ាងណា ឈុតឆាកទាំងនេះនឹងមិនទទួលបានផលឡើយពីព្រោះគ្មានច្បាប់ណា អាចបង្ខំឲ្យថៅកែទទួលយកបុគ្គលិក ដែលគេបញ្ឈប់ពីការងារឲ្យចូលធ្វើការងារវិញនោះទេ។ ម្យ៉ាងទៀត មហាជនក៏បានដឹងលឺគ្រប់គ្នាហើយថា នៅក្នុងពិភពលោកសម្រាប់ការងារនៅក្នុងវិស័យឯកជន ការធ្វើការងារគឺកើតឡើងតាមរយៈការព្រមព្រៀងគ្នារវាង ថៅកែនិងបុគ្គលិក ដោយឈរលើមូលដ្ធាននៃកិច្ចសន្យាការងារ។ វាគឺជាអ្វីដែលគេបានអនុវត្តជាទូទៅនៅក្នុងពិភពលោកយើងនេះ សូម្បីតែនៅក្នុងប្រទេសប្រជាធិប្បតេយ្យនៅលោកខាងលិច ក៍មិនដែលមានករណីបុគ្គលិកកម្មករគម្រាម និងបង្ខំថៅកែឲ្យយកខ្លួនចូលធ្វើការវិញនោះដែរ។ ដូចនេះហើយទើបមហាជនខ្មែរទូទៅចាត់ទុកថា ការតវ៉ាទាមទាររបស់ អតីតបុគ្គលិកណាហ្កាវើលដ៍ គឺជារឿងដែលមិនសមហេតុផលនិងខុសទំនង ហើយវាក៏ជារឿងខុសច្បាប់ទម្លាប់ផងដែរ។ ដូច្នេះបងប្អូនដែលចាញ់កលល្បិច ឈឹម ស៊ីថរ គួរតែដកខ្លួនចេញដោយងាកទៅទទួលយកសំណងពីក្រុមហ៊ុន ហើយទៅរកការងារថ្មីធ្វើដើម្បីកុំឲ្យខាតពេល និងខាតប្រយោជន៍ ព្រោះទីបំផុតរឿងនេះនឹងឡើងដល់តុលាការ ហើយគ្មានក៏ច្បាប់ណាដែលតុលាការតម្រូវឲ្យថៅកែទទួល យកបុគ្គលិកដែលគេបញ្ឈប់ពីការងារនោះឡើយ៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ