(កោះកុង)៖ អាជ្ញាធរស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រគល់វិញ្ញាបនបត្រអចលនវត្ថុជូនដល់ប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធិ ដល់លំនៅដ្ឋានដោយមិនគិតពីសេវា ដែលស្ថិតនៅឃុំតាទៃលើ មានចំនួន ២ភូមិ គឺភូមិស្ពានក្តា និងភូមិគគីរជ្រុំ។ ក្នុងនោះ ពលរដ្ឋភូមិក្តា ទទួលបាន ៧៦ប័ណ្ណ ហើយប័ណ្ណសល់ ៤០ប័ណ្ណ ចំណែកឯភូមិគគីរជ្រុំពលរដ្ឋទទួលបាន ២០ប័ណ្ណ ហើយប័ណ្ណនៅសល់ ៣៩ប័ណ្ណ។

លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង បានឱ្យដឹងថា ចំពោះប័ណ្ណនៅសល់លោកនឹងផ្តល់ជូនបន្តទៀត ដោយអាជ្ញាធរស្រុកសហការជាមួយនឹងរដ្ឋបាលខេត្ត មន្ទីរជំនាញដើម្បីចុះទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ដែលពួកគាត់ទើបតែទទួលដោះស្រាយសំណង របស់រាជរដ្ឋាភិបាលកាលពីពេលថ្មីៗកន្លងមក។

អាជ្ញាធរស្រុកថ្មបាំង បានស្នើសុំឱ្យប្រជាពលរដ្ឋដែលបានទទួលវិញ្ញាបនបត្រសម្គាល់អចនវត្ថុ រក្សាទុកឲ្យបានល្អកុំឲ្យបាត់បង់ ព្រោះនេះជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន តាមរយៈអាជ្ញាធរខេត្តស្រុក។

លោក អន សុធារិទ្ធ បានបន្តថា យន្តការផ្ដើមដ្តល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋដល់មូលដ្ឋានរបស់ពួកគាត់យ៉ាងដូច្នេះ ដោយសារតែទើបតែរាជរដ្ឋាភិបាលបានប្រគល់ប័ណ្ណកម្មសិទ្ធិ និងចុះហត្ថលេខាពីអាជ្ញាធរខេត្ត និងមន្ទីរជំនាញ ជាពិសេសដើម្បីកាត់បន្ថយការចំណាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅអាស្រ័យផល លើដីធ្លី ផ្ទះសម្បែង ហើយការប្រគល់វិញ្ញាបនប័ត្រវត្ថុ អាជ្ញាធរ និងមន្ត្រីជំនាញមិនតម្រូវឱ្យចំណាយថវិកានោះទេ ដោយអាជ្ញាធរ និងមន្ត្រីជំនាញស្ម័គ្រចិត្តប្រគល់វិញ្ញាបនបត្រអចលនវត្ថុជូនពួកគាត់ដល់គោលដៅតែម្ដង។

សូមបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយមានការចង្អុលបង្ហាញអនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាលខេត្ត និងលោក សុខ សុទ្ធី បានអញ្ជើញអភិបាលគ្រប់ស្រុកក្រុងជាសេនាធិការរបស់ខេត្ត មកទួលនៅវិញ្ញាបនបត្រអចនវត្ថុក្បាលដី ដើម្បីទទួលយកផ្ដល់ជូនប្រជាពលរដ្ឋ ដែលមានឈ្មោះមកទទួលជាកម្មសិទ្ធិគ្រប់គ្រង វិញ្ញាបនបត្រអចលនវត្ថុរបស់ប្រជាពលរដ្ឋ៕