(កំពង់ឆ្នាំង)៖ ទំនប់បារាំងជាទំនប់បង្ហៀរទឹកចេញពីចំណុចបឹងធំ និងជាផ្លូវធ្វើដំណើរឆ្លងកាត់ឡើងមកកាន់ក្រុងកំពង់ឆ្នាំងនារដូវប្រាំង ដែលមានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនេះតាំងពីស្រុកជលគិរី ក្រុងកំពង់ឆ្នាំង និងស្រុករលា ប្អៀរផងដែរ បានបែកធ្លាយដោយសារទឹកហូរច្រោះ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ទំនប់នេះមានទ្វារទឹកមួយដែលអាចបើកបិទបានមូលហេតុដែលធ្វើឲ្យទំននេះច្រោះដីបាក់ គឺបណ្ដាលមកពីទឹកនៅខាងលើទំនប់ មានកំពស់ខ្ពស់ជាងទឹក ក្នុងបឹងទន្លេសាបហើយទឹក ហូរមិនទាន់ ក៏បានហូរលើទំនប់ ទើបបណ្ដាលឲ្យបាក់ច្រោះបាក់ដាច់ផ្លូវធ្វើដំណើរលើខ្នងទំនប់។

លោកបញ្ជាក់ថា បឹងធំដែលជាបឹងដ៏ធំមួយសម្រាប់ស្តុកទឹកជំនន់ទឹកភ្លៀង ហូចេញពីក្រុងកំពង់ឆ្នាំង នឹងស្តុកទឹកស្ទឹងជ្រៃបាក់ ដែលហូរចាក់មកក្នុងបឹងធំនេះដែរ ទើបទឹកក្នុងបឹងមានច្រើន និងមានកំពស់ខ្ពស់ជាងនីវ៉ូទឹក ក្នុងបឹងទន្លេសាប ទើបទឹកហូរលើខ្នងទំនប់បណ្តាលឲ្យបាក់ច្រោះដាច់ផ្លូវ។

ដោយសារប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ និងដឹកកសិផលយកមកលក់នៅក្នុងទីផ្សារក្រុងកំពង់ឆ្នាំង ទើបលោកអភិបាលខេត្ត បានចាត់ឱ្យលោកធ្វើការរៀបចំផ្លូវលើខ្នងទំនប់នេះជាបន្ទាន់ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើ ចរាចរណ៍ឡើងវិញ។ភ្លាមៗដែរ លោកបានដឹកដីយកមកចាក់ទប់ទឹកត្រង់កន្លែងហូរច្រោះ ដោយបិទទឹកឲ្យហូរលើខ្នងទំនប់ដែលមានចាក់បេតុងវិញ ទើបអាចធានាបាន បច្ចុប្បន្នផ្លូវលើខ្នងទំនប់នេះ ប្រជាពលរដ្ឋអាចធ្វើដំណើរបានឡើងវិញហើយ។

លោក អ៉ិន ឌិន មេភូមិកណ្តាល ក៏ដូចជាប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមរថយន្ត និងម៉ូតូឆ្លងកាត់ទំនប់បង្ហៀទឹកខាងលើនេះ បានឲ្យដឹងថា ទំនប់បង្ហៀរទឹកខាងលើនេះ ជាផ្លូវឆ្លងកាត់តភ្ជាប់ទៅជាច្រើនស្រុកមានស្រុករលាប្អៀរ ស្រុកជលគីរី និងមួយផ្នែកទៀត គឺស្រុកបាធាយខេត្តកំពង់ចាម។ ប៉ុន្តែខ្នងទំនប់នេះអាចធ្វើដំណើរឆ្លងកាត់បាន តែក្នុងរដូវទឹកស្រកតែប៉ុណ្ណោះ គឺនៅពេលទឹកទន្លេឡើងខ្ពស់ មិនអាចធ្វើដំណើរតាមខ្នងទំនប់នេះបានឡើយ៕