(សៀមរាប)៖ របរលក់សម្ភារធ្វើអំពីផ្ដៅ រពាក់ និងឬស្សី មានដូចជា ជើងពាន អង្រុត ហឹបស្លា កន្ត្រក ជាល ល្អី កញ្ច្រែងរែងអង្ករ និងសម្ភារផ្សេងៗជាច្រើនទៀត ដែលអាចជួយសម្រួលដល់ជីវភាពគ្រួសារ របស់ប្រជាពលរដ្ឋនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News, អ្នកស្រី ស៊ន ហ៊ុច បានលើកឡើងថា អ្នកស្រីប្រកបរបរនេះរយៈពេលជិត ៤០ឆ្នាំហើយ ដោយរបរនេះអាចជួយសម្រួលដល់ជីវភាពគ្រួសារមួយចំណែក។ សម្ភារៈដែលយកលក់នេះ គឺយកមកពីតាមភូមិមួយចំនួនស្រុកបន្ទាយស្រី និងខាងក្របីរៀល មានដូចជា ជើងពាន អង្រុត ហឹបស្លា កន្ត្រក ជាល និងល្អី ដែលសុទ្ធសឹងជាផលិតផលធ្វើដោយស្នាដៃរបស់ខ្មែរ។

និយាយទាំងទឹកមុខញញឹម អ្នកស្រី ស៊ន ហ៊ុច បានបន្តថា ការប្រកបរបរនេះមានភាពនឿយហត់បន្តិច ប៉ុន្តែសប្បាយចិត្ត ដោយរបរនេះធ្វើនៅផ្ទះខ្លួនស្រាប់ និងមានការងាយស្រួលក្នុងការមើលថែទាំកូនចៅ និងដាំស្លរផងដែរ។ សម្ភារៈដែលដាក់លក់មានចាប់ពីតម្លៃ ៤ពាន់រៀល រហូតដល់ជាង ១ម៉ឺនរៀល តាមទំហំសម្ភារៈប្រើប្រាស់មួយៗ។

ចំណែកលោកយាយ រីក មានអាយុ ៦៦ឆ្នាំ បានឱ្យដឹងថា លោកយាយលក់សម្ភារៈធ្វើអំពីផ្ដៅ រពាក់ និងឬស្សីនេះ រយៈពេល៧ឆ្នាំហើយ ប៉ុន្តែក្រុមគ្រួសារលោកយាយចេះធ្វើសម្ភារៈទាំងនេះ ជាយូរឆ្នាំមកហើយ គឺតាំងឪពុកម្តាយលោកយាយមកម្ល៉េះ។ សព្វថ្ងៃលោកយាយដើរបោចរពាក់តាមព្រៃជិតផ្ទះ និងទិញពីគេក្នុង១០០ដើម តម្លៃ ១ម៉ឺន ៣ពាន់រៀល។ ក្នុងមួយថ្ងៃលោកយាយអាចធ្វើ ជារពាក់ បានចំនួនប្រាំ ដែលមួយតម្លៃ ៥ពាន់រៀលផងដែរ។

ជាមួយគ្នានោះ លោកយាយ រីក និងអ្នកស្រី ស៊ន ហ៊ុច ក៏បានអំពាវនាវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តសៀមរាប ឱ្យជួយទិញសម្ភារៈដែលជាសិប្បកម្មដោយដៃរបស់អ្នកស្រុកអង្គរ ដើម្បីឲ្យពួកគាត់មានការងារធ្វើ និងអាចជួយសម្រួលដល់ជីវភាពគ្រួសារគាត់បានមួយកម្រិតទៀត៕