(ភ្នំពេញ)៖ លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានចេញសេចក្តីបំភ្លឺមួយ ដោយបដិសេធព័ត៌មានថា សមាគមរបស់លោក បានបោះពុម្ពអាវយឺតពណ៌ខ្មៅ សម្រាប់ចែក ជូនអ្នកចូលរួមយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ»។
លោក វ៉ន ពៅ បានសម្តែងការសោកស្តាយចំពោះការសង្ស័យនេះ ហើយថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ជាថ្ងៃដំបូងនៃយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ លោកបានសម្រាកពីការងារដោយមានបញ្ហាសុខភាព។
លិខិតលោក វ៉ន ពៅ បានបន្តថា «ដើម្បីកុំឲ្យមានការសង្ស័យបន្តទៀត សមាគមIDEA សូមបំភ្លឺជូនសាធារណជន ឲ្យបានជ្រាបថា សមាគមយើង ខ្ញុំ ជាសមាកមឯករាជ្យ និងធ្វើការតាមវិជ្ជាជីវៈ ក្នុងបុព្វហេតុបម្រើក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនបម្រើនិន្នាការគណបក្ស នយោបាយណាមួយនិងមិន ឲ្យគណបក្សនយោបាយណាមួយយកសមាគមធ្វើជាឈ្នាន់នោះទេ»។
សេចក្តីបំភ្លឺរបស់ សមាគមប្រជាធិបបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើឡើងក្រោយពេលដែល អាជ្ញាធរ និងសមត្ថកិច្ច ហៅ លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅសួរនាំកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅប៉ុស្តិ៍នគរបាលទឹកថ្លាខណ្ឌ សែន សុខ រាជធានីភ្នំពេញ ទាក់ទងនឹងព័ត៌មានថា សមាគមបានបោះពុម្ពអាវយឺតពណ៌ខ្មៅសម្រាប់ចែកជូនអ្នកចូលរួមយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ៕