(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មី អំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធថានឹងត្រូវចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣។

ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីការភ័ន្តច្រឡំពីពេលវេលា ដែលសម្តេចបានប្រកាសកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់។

តាមរយៈ Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីយ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំបានប្រកាស អំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងភាពមិនច្បាស់លាស់ អំពីពេលវេលាដែលបង្កឱ្យមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ ជូនថាការដំឡើងបៀវត្សរ៍នឹងត្រូវចាប់ផ្តើម នៅខែមករាឆ្នាំ២០២៣»

សូមជម្រាបថា ដោយសារតែវិបត្តិជំងឺកូវីដ១៩ ជាមួយនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច តម្រូវឲ្យរាជរដ្ឋាភិបាល ត្រូវការប្រើប្រាស់ថវិកាជាតិ ដោយសន្សំសំចៃ ទើបរាជរដ្ឋាភិបាលរក្សាទុក នូវអត្រាប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ឲ្យនៅដដែលដូចឆ្នាំ២០២០។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសហើយថា នឹងដំឡើងប្រាក់បៀវត្សរ៍ជូនក្នុងកម្រិតមួយ។

កម្រិតប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធសម្រាប់ឆ្នាំ២០២០រួមមាន៖ មន្ត្រីរាជការស៊ីវិល ១,១៧២,៥០០រៀល, គ្រូបង្រៀន និងគ្រូពេទ្យ ១,២៧២,៥០០រៀល, នគរបាលជាតិ (ពលបាលត្រី) ១,២៥៦,៩៧៧រៀល (គិតបញ្ចូលរបបអង្ករ) និងយោធិន (ពលទោ) ១,១២៣,៥០០រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១,១៨១,៩៧៧រៀល៕