(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងថា យ៉ាងយូរ៦ខែទៀតប៉ុណ្ណោះ បញ្ហាសំរាមក្នុងរាជធានីភ្នំពេញ នឹងត្រូវបានកាត់បន្ថយ ជាបន្តបន្ទាប់ រាជធានីភ្នំពេញ ក៏កាន់តែ មានសោភ័ណភាពល្អឡើង។
ការលើកឡើងរបស់ អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុង កិច្ចប្រជុំពិភាក្សា ស្ដីពីការវិនិយោគរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គីសនី នៅក្នុងរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុនCNEPG របស់ចិន ជំនាញខាងកែច្នៃសំរាមទៅជាថាមពលអគ្គីសនី នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ។
ក្នុងកិច្ចប្រជុំនេះដែល សាលារាជធានីភ្នំពេញ បានសម្រេចជា ២ជំហាន ដែលត្រូវធ្វើជាបន្ដទៀតគឺ ជំហានទី១ រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយក្រុមហ៊ុន CNEPG ដើម្បីបង្កលក្ខណៈងាយស្រួលជាមួយស្ថាប័នផ្សេងៗ សម្រាប់ការចាប់ផ្តើមមួយដ៏ប្រសើរ និងជំហានទី២ រដ្ឋបាលរាជធានីភ្នំពេញ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវទៅសិក្សាដោយផ្ទាល់នៅរោងចក្រក្រុមហ៊ុនCNEPG ប្រទេសចិន ដើម្បីមានមូលដ្ឋានក្នុងសម្រេចចិត្ត និងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។
លោក ប៉ា សុជាតិវង្ស បានបន្ថែមថា «សាលារាជធានីភ្នំពេញ ប្តេជ្ញារៀបចំគ្រប់គ្រងបញ្ហាសំរាមនេះ ឲ្យបានល្អប្រសើរ ស្របតាមគោលការណ៍ ៣-២-១ របស់រដ្ឋបាលរាជធានីភ្នំពេញយើង»៕