(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រងទ្រាយធំ ដោយរឹបអូសបានគ្រឿងញៀនជាង៥៤គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ២នាក់។
របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនានេះបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤៖១៥នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។
* គោលដៅទី១៖ នៅចំណុច ភ្លើងស្តុបកោសដូង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបានម្នាក់និង គ្រឿងញៀនហេរ៉ូអ៊ីន ៧គីឡូក្រាម និង២៦.២ក្រាម។
* គោលដៅទី២៖ នៅចំណុច ផ្លូវ៣៤៥ ស្ថិតនៅក្នុងភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឃាត់រថយន្ត FORD RANGER ១គ្រឿង ជនសង្ស័យ១នាក់ និង មេតំហ្វេតាមីន(ICE) ៣២គីឡូក្រាម និង៩៦៣.៧ក្រាម កេតាមីន១៣គីឡូក្រាម និង៨ក្រាម។
* គោលដៅទី៣៖ ឆែកឆេរផ្ទះជួល T ១០៧.៣. នៅចំណុច ផ្លូវលេខ២ ក្នុងបូរីកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ចាប់យកវត្ថុតាង មេតំហ្វេតមីន (ICE) ៦៨៨.៨៦ក្រាម។
* គោលដៅទី៤៖ ឆែកឆេរបន្ទប់ជួលលេខ១៨២៥ អាផាធឺមែនប៉ាវលី នៅ ផ្លូវលេខ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា ចាប់យកវត្ថុតាង មេតំហ្វេតាមីន (ICE) ៤១៧.៣៥ក្រាម ថ្នាំគ្រាប់មេតំហ្វេតាមីន១៦៤.២១ក្រាម. ម្សៅកេតាមីន ២១២.៨៥ក្រាម និងម្សៅមិនច្បាស់១៩៣ក្រាម។
ជាសរុបក្នុងការបង្ក្រាបនេះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១-ឈ្មោះ ប៉ាវ ជាំង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន និងទី២-ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ។ ចំពោះវត្ថុតាងដែលរឹបអូសបានរួមមាន៖ សារធាតុញៀន ៥៤ គីឡូក្រាម ៤៨១.១៧ក្រាម និងសារធាតុមិនច្បាស់ ១៩៣ក្រាម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕