(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៤ទៀត សរុបទុនវិនិយោគជិត២៤លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូន។
ក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅអគារលេខ ២៦២ C ផ្លូវលេខ ១៣៦ DT ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២៦កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ AMTO CHEMICAL TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១.៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
២៖ Kai Feng Wood Products (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៦.៦លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
៣៖ MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១០.៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១,០០០នាក់៕