(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា រយៈពេល៥ខែដើមឆ្នាំនេះ (ខែមករាដល់ខែឧសភា) មានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាចំនួន៣៤៣,៤៦៤នាក់ កើនឡើង២៧៥ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ក្នុងរយៈពេល៥ខែនេះដែរ មានអ្នកធ្វើដំណើរតាមផ្លូវអាកាសចូលមកកម្ពុជា១៨២,៥១២នាក់ កើនឡើង៣៣៦ភាគរយ ក្នុងនោះមានមកពីប្រទេសចិន សហរដ្ឋអាមេរិក ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ថៃ បារាំង សិង្ហបុរី និងឥណ្ឌា។ អ្នកធ្វើដំណើរតាមផ្លូវគោកមាន១៥៧,១១៣នាក់ កើនឡើង២១៦ភាគរយ និងតាមផ្លូវទឹកមានចំនួន៣,៨៣៩នាក់ ក្នុងនោះមានមកពីប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង បារាំង សិង្ហបុរី ហ្វីលីពីន និងឥណ្ឌា។
ជាការកត់សម្គាល់របស់លោករដ្ឋមន្ត្រី ថោង ខុន នៅខែមេសា ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន២,៧០០នាក់ក្នុងមួយថ្ងៃ នៅខែឧសភាទទួលបាន៣,៤០០នាក់ក្នុងមួយថ្ងៃ និងខែមិថុនានេះប្រហែលទទួលបាន៤,២០០នាក់ក្នុងមួយថ្ងៃ។ ជាការរំពឹងទុករបស់លោក ថោង ខុន ចាប់ពីខែកក្កដាតទៅ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិចាប់ពី៤,៥០០ទៅ៥,៥០០នាក់ក្នុងមួយថ្ងៃ។
ស្ថានភាពជើងហោះហើរអន្តរជាតិចូលមកអាកាសយានដ្ឋានអន្តរជាតិទាំង៣មានចំនួនសរុប២,៤៥៩ជើង កើនឡើង១៦៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចនៅឆ្នាំ២០២១ (៩៣០ជើង) ក្នុងនោះ៖
* អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន២,១១៦ជើង កើនឡើង១,២០៣ជើង។ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន២២ក្រុមហ៊ុន និងមាន៦ក្រុមហ៊ុនកំពុងហោះហើរទៀងទាត់ជារៀងរាល់ថ្ងៃ។
* អាកាសយានដ្ឋានអន្តរជាតិសៀមរាបមានចំនួន២០៤ជើង កើនឡើង១៩៩ជើង។ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៥ក្រុមហ៊ុន និងមាន២ក្រុមហ៊ុនកំពុងហោះហើរទៀងទាត់ជារៀងរាល់ថ្ងៃ។
* អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន១៣៩ជើង កើនឡើង១២៧ជើង។ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ក្រុមហ៊ុន និងមាន១ក្រុមហ៊ុនកំពុងហោះហើរទៀតទាត់ជារៀងរាល់ថ្ងៃ។
លោករដ្ឋមន្ត្រ ថោង ខុន បានបន្តទៀតថា បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកឲ្យអនុវត្ត Visa on Arrivals ឡើងវិញ និងកាត់បន្ថយនូវលក្ខខណ្ឌតម្រូវជាច្រើនលើផ្នែកសុខាភិបាល ភ្ញៀវទេសចរអន្តរជាតិមានការកើនឡើងយ៉ាងច្រើនគួរឲ្យកត់សម្គាល់៕