(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអះអាងថា រដ្ឋសភា គាំទ្រឱ្យមានជំនួប រវាងគណបក្សជាប់ឆ្នោត ទាំងពីរ ដើម្បពិភាក្សាអំពីរឿងនយោបាយ ប៉ុន្តែការពិភាក្សានោះ នឹងមិនអាចដោះស្រាយ ទៅលើបញ្ហាមួយចំនួនពាក់ព័ន្ធ ព្រហ្មទណ្ឌទេ។
ការបញ្ជាក់ របស់លោក ឡេង ប៉េងឡុង បានធ្វើឡើងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបរវាង លោក ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា ជាមួយគណៈប្រតិភូសភាប្រជាជនចិន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។
លោកថា បើមានជំនួបរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ពិភាក្សាលើករណីរបស់លោក កឹមសុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិនៅពេលខាងមុខនេះ គឺគ្រាន់តែ ជាការពិភាក្សាពិគ្រោះយោបល់ តែគ្មានការសម្រេច អ្វីឡើយ។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា «ការងារដែលពាក់ព័ន្ធនឹងច្បាប់យើងអាចលើកឡើងបាន ប៉ុន្តែខ្ញុំជឿជាក់ថាភាគីទាំងពីរមិនអាច ដោះស្រាយបញ្ហាហ្នឹង ដោយ រំលោភច្បាប់បានឡើយ ពីព្រោះច្បាប់បានកំណត់ហើយ រឿងនយោបាយគឺមិនហាមឃាត់ទេប៉ុន្តែរឿង ច្បាប់ដូចជាច្បាប់ព្រហ្មទណ្ឌ រឿងសម្លាប់ រឿងរំលោភគឺជា ច្បាប់របស់ពលរដ្ឋទូទៅ បើយើងទៅរំលោភគេ ដល់អ្នកនយោបាយថា អត់រំលោភ អាហ្នឹង គឺមិនកើតទេ»។
កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានអះអាងឲ្យដឹងថា លោក កឹម សុខា កំពុងស្វែង រកការចរចាជាមួយមេដឹកនាំគណបក្ស កាន់អំណាចដើម្បីដោះស្រាយស្ថានការណ៍នយោបាយ ដែលខ្លួនអះអាងថា កំពុងឡើងកម្តៅ។
យ៉ាងណាក៏ដោយ រហូតដល់ពេលនេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា បានអះអាងថា មិនបានឃើញសំណើដែល ធ្វើឡើងជាផ្លូវការរបស់គណបក្សសង្រ្គោះជាតិ ឬគណបក្សប្រជាជនកម្ពុជានោះទេ។
គួរបញ្ជាក់ថា លោក កឹម សុខាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានរងនូវការកោះហៅចំនួន២ករណី ពាក់ព័ន្ធនឹងបណ្តឹងបរិហារកេរ្តិ៍ ដែលើឡើងដោយកញ្ញា ធី សុវណ្ណថា និងបណ្តឹងមួយទៀតរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលចោទអ្នកនយោបាយរូបនេះថា មិនគោរពតាមសន្យា។ កញ្ញា ធី សុវណ្ណថា បានប្តឹងទាមទារសំណង១លានដុល្លារ ខណៈដែលកញ្ញា ខុម ចាន់តារ៉ាទី ទាមទារសំណង ៣០ម៉ឺនដុល្លារ៕