(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថសីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រគល់ថវិកា ចំនួន ៣០០,០០០ដុល្លារ ជាលើកទី១២ និងអង្ករចំនួន ១២៦តោន ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលមានអនុសាខា ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ជាលើកទី១១ ដោយអនុសាខានីមួយៗទទួលបាន អង្ករចំនួន ៩តោន។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១, លោក យូ ឡាណា អគ្គលេខាធិការរងទី២, លោក ឌួង អេលីត នាយកពិធីការកាកបាទក្រហមកម្ពុជា រួមទាំងថ្នាក់ដឹកនាំសាខាមួយចំនួនទៀត។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយតម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានការជឿទុកចិត្ត និងទាក់ទាញការគាំទ្រពីសប្បុរសជនទាំងផ្លូវចិត្ត និងថវិកា សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតឱ្យទទួលបានភាពកក់ក្តៅ និងរស់នៅដោយសុខដុមរមនាក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ទន្ទឹមនឹងនេះ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយគតិបណ្ឌិត យកចិត្តទុកដាក់ តាមដាន និងដោះស្រាយភ្លាមៗដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
លោកបន្ដថា ក្នុងនាមសាខារាជធានីភ្នំពេញ និងអនុសាខាខណ្ឌទាំង ១៤ សូមប្តេជ្ញាខិតខំស្វែងរកការគាំទ្រពីសប្បុរសជន ជាពិសេសខិតខំប្រឹងប្រែងរៀនសូត្រ ពីវីរភាពដឹកនាំ និងអនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីសម្រេចបានភាពជោគជ័យក្នុងភារកិច្ចមនុស្សធម៌ និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតក្នុងបូរណភាពដែនដីរាជធានីភ្នំពេញ។
បើតាមការគូសបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ការផ្ដល់ជូនថវិកានេះ ជាលើកទី១២ គិតចាប់តាំងពីឆ្នាំ២០០៨ ចំណែកអង្ករជាលើកទី១១ ចាប់តាំងពីឆ្នាំ២០១៥មក។ ការផ្ដល់ជូននេះ ដោយសារសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ មាន ប្រជាពលរដ្ឋច្រើន តម្រូវការដោះស្រាយសម្រាលការលំបាកក៏ច្រើន ដូច្នេះការផ្ដល់ជូននេះ នឹងបានឆ្លើយតបជូនប្រជាពលរដ្ឋយើងបានឱ្យទាន់ពេលវេលា៕