(ក្រចេះ)៖ លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូអញ្ជើញចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយនិស្សិត នៅសាកលវិទ្យាល័យក្រចេះ។
នៅក្នុងកិច្ចដំណើរទស្សនកិច្ច របស់លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ និងគណប្រតិភូ បានអញ្ជើញទស្សនាទៅលើបន្ទប់បណ្ណាល័យ នៅក្នុងអគារអភិសាល ទស្សនា Dero Farm ទស្សនាកសិដ្ឋានបន្លែ Hydroponic ទស្សនាបន្ទប់ពិសោធន៍ (កែច្នៃអាហារ និងជាលិកាវប្បកម្ម) ទស្សនាអគាររោងជាង និងទស្សនាអគារមច្ចវិទ្យា (សារមន្ទីរតី) ជួបជាមួយក្រុមកីឡាករបាលទាត់ និងថតរូបអនុស្សាវរីយ៍ ។
ថ្លែងនៅក្នុងឱកាសនោះ លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យក្រចេះ ដែលបាននិងកំពុងសហការគ្នាជិតស្និទ្ធជាមួយដៃគូរជាតិនិងអន្តជាតិ ក្នុងការបណ្តុះបណ្តាល និងកសាងសមត្ថភាពជំនាញជូនមន្រ្តីរាជការ និងសាធារណជន ដែលជានិស្សិតរបស់ខ្លួន ដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ព្រមទាំងទទួលបានការគាំទ្រពីក្រសួងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការ សាធារណជន សិស្សនិស្សិត សាស្រ្តាចារ្យ អាណាព្យាបាល និង ការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និង កីឡា លើគុណភាពអប់រំ និង បណ្តុះបណ្តាល ដែលកំពុងបន្តដំណើរឆ្ពោះទៅមុខ ក្នុងទិសដៅដ៏ត្រឹម ត្រូវប្រកបដោយ គុណភាព និង សក្តានុពល។
ទន្ទឹមនេះលោកក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងបរិការណ៍តំបន់ និងពិភពលោក ដែលរចនាទៅដោយការវិវត្តរីកចម្រើនកាន់តែខ្លាំងឡើងនៃ «វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា» ដែលកំពុងក្លាយជាកម្លាំងចលករគន្លឹះចម្បងមួយ មានឥទ្ធិពលដល់ការកំណត់និន្នាការនៃសង្គម-សេដ្ឋកិច្ចពីគ្រប់ទិដ្ឋភាព ពិសេសទាំងកាលានុវត្តភាព និង បញ្ហាប្រឈមរបស់សកលលោកទាំងមូល។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យា នឹងជំរុញល្បឿន និង ភាពស៉ីជម្រៅនៃការបង្កើតឧបករណ៍ និងកម្មវិធីស្វ័យប្រវត្តិកម្ម ដែលអាចជំនួសដល់កម្លាំង និង បញ្ញាមនុស្សយ៉ាងសម្បើម។
តាមរយៈនេះ ការអភិវឌ្ឍធនធានមនុស្សមានគុណភាព បច្ចេកវិទ្យា និង នវានុវត្ត គឺជាកិច្ចការចាំបាច់សម្រាប់កម្ពុជា ដើម្បីចូលរួមចំណែកប្រកបដោយជីវភាព និងឧត្តមភាព នៅក្នុងសមាហរណកម្មដោយពេញលេញ ទៅក្នុងតំបន់ និងពិភពលោក។
លោកបានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិស្សនិស្សិតទាំងអស់ បន្តខិតខំស្វែងយល់ និង ដកស្រង់បទពិសោធន៍ពីការអនុវត្តការងារជាក់ស្តែង នៅក្នុងការដ្ឋានការងារប្រចាំថ្ងៃ និង ត្រូវតស៊ូ ព្យាយាម អត់ធន់ ប្រកបដោយសីលធម៌ និង បុរេសកម្ម រួមនឹងការច្នៃប្រឌិតខ្ពស់ ដើម្បីដុសខាត់ និងហ្វឹកហ្វឺនចំណេះដឹងរបស់ខ្លួនឱ្យកាន់តែរឹងមាំ និងស្ទាត់ជំនាញ សម្រាប់ឆ្លើយតបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពទៅនឹងតម្រូវការទីផ្សារការងារ និង សង្គមជាតិ សំដៅដោះស្រាយ ទប់ទល់គ្រប់បញ្ហាប្រឈមចំពោះមុខផង និង បង្ករបង្កើតស្នាដៃល្អៗសម្រាប់សង្គមជាតិកម្ពុជាផងដែរ៕