(ព្រះវិហារ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខ្មែរ-វៀតណាម-អាមេរិកាំង នៃសមាគមប្រឹក្សាសុខភាពប្រជាជន សកលវិទ្យាល័យ Mercer University ដឹកនាំដោយវេជ្ជបណ្ឌិត ហ៊ាន សុខនាង ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ, វេជ្ជបណ្ឌិត Craig Mc Mahon និងវេជ្ជបណ្ឌិត Ha Van Vo បាននិងកំពុងចុះបេសកកម្ម កម្មវិធីធ្វើដៃជើងសិប្បនិម្មិត នៅការិយាល័យតំណាងរាស្ត្រខេត្តព្រះវិហារ (Mission on Orthopedic and Prosthetic in Preahvihear) ។
កម្មវិធីនេះប្រព្រឹត្តឡើង ដើម្បីប្រជាជន និងអតីតយុទ្ធជន ដែលបានពិការភាព ក្នុងសម័យសង្គ្រាមស៉ីវិល ដោយសារគ្រោះថ្នាក់គ្រាប់មីន និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។ រយៈពេលនៃប្រតិបត្តិការ គឺចាប់ពីថ្ងៃទី១២ ដល់១៦ ខែមិថុនា ក្រោមការសម្របសម្រួលដោយក្រុមការងារ អ្នកតំណាងរាស្ត្រ សួស យ៉ារ៉ា ដើម្បីផ្តល់ស្នាមញញឹមថ្មី ដល់ប្រជាជនពិការដៃជើង ៦៥០នាក់។
សូមជម្រាបថា បេសកកម្មនេះ ក៏ទទួលស្វាគមន៍ចំពោះប្រជាជនពិការដៃជើង មកពីខេត្តផ្សេងៗផងដែរ។
អ្នកសម្របសម្រួល រួមមាន គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរប្រាសាទព្រះវិហារ, ធួន ស៉ីណាន CEO & Founder at Temple Paint Cambodia និង សេង សារី ទីប្រឹក្សាអ្នកតំណាងរាស្ត្រ ខេត្តព្រះវិហារ សួស យ៉ារ៉ា៕