(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីថ្លែងការណ៍ អះអាងថា ការបំភ្លៃពីលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជាអំពើខុសច្បាប់ ដែលប្រឈមនឹងការផាកពិន័យជាប្រាក់ ពី ១០លានរៀល ដល់ ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លោក ឌឹម សុវណ្ណរុំ សមាជិក គជប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គជប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា នៅមានបុគ្គល ឬគណបក្សនយោបាយមួយចំនួនតូចនៅបន្តចោទប្រកាន់ និងរិះគន់ គ.ជ.ប ដោយគ្មានមូលដ្ឋាន។ ជាក់ស្ដែង លោក សុន ឆ័យ បាននិយាយដដែលជាដដែល ដូចក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអនឡាញ Cambodia Daily កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយដៃទទួលយកអាសនៈ រីឯមាត់ចោទថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ហើយលោកអះអាងទៀតថា ការណ៍ដែលគណបក្សភ្លើងទៀន ទទួលយកអាសនៈ គឺជាការគោរពឆន្ទៈអ្នកបោះឆ្នោត។
បើដូចនេះមែន លោក សុន ឆ័យ ក៏ត្រូវតែគោរព ឆន្ទៈរបស់ប្រជាពលរដ្ឋជាច្រើនទៀតដែរ ដែលមិនបានបោះឆ្នោតឱ្យគណបក្សភ្លើងទៀន ហើយលោក សុន ឆ័យ ប្រាកដជាដឹងថា នេះជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ព្រមជាមួយគ្នានេះដែរ ការបោះឆ្នោតគឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ។
លោក សុន ឆ័យ និយាយទៀតថា «លទ្ធផលនេះ មិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋទ វាមានការបំភ័យ វាមានការទិញ វាមានការលួចបាននៅសល់ ប៉ុណ្ណឹង»។
«ការថ្លែងបែបនេះ គ.ជ.ប មិនអាចទទួលយកបានទេ ហើយជាការមាក់ងាយ និងប៉ះពាល់ ដល់តម្លៃរបស់ម្ចាស់ឆ្នោតដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប ដែលជាស្ថាប័នចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឱ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត ដែលបានចែងក្នុងមាត្រា ១៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវផាកពិន័យជាប្រាក់ពី ១០លានរៀល ដល់ ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត»។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។
ដើម្បីភាពស្អាតស្អំ ការរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័ន គ.ជ.ប នឹងចាត់វិធានការតាមច្បាប់ ចំពោះការចោទប្រកាន់ទាំងឡាយណាដែលផ្ទុយពីការពិត។
សូមជម្រាបថា នេះមិនមែនជាលើកទី១ នោះទេ ដែលលោក សុន ឆ័យ និយាយដោយគ្មានមូលដ្ឋាន។ គ.ជ.ប ក៏បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋាន របស់ លោក សុន ឆ័យ ដែលបានថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៉ីសេរី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ផងដែរ។
គ.ជ.ប បានបញ្ជាក់ដែរ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូនដូចការគ្រោងទុក និងមានការទទួលស្គាល់ ទទួលយកលទ្ធផលពីគ្រប់ភាគី ព្រមទាំងមានការវាយតម្លៃខ្ពស់ពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិថា ការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ហើយប្រជាពលរដ្ឋខ្មែរជាង ៨០% បានទៅបោះឆ្នោតសម្តែងឆន្ទៈរបស់ខ្លួនគួរឱ្យកត់សម្គាល់។
ជាគោលការណ៍ច្បាប់ស្តីពីការបោះឆ្នោត គ.ជ.ប បើកសិទ្ធិឱ្យគណបក្សនយោបាយ ប្តឹងជុំវិញភាពមិនប្រក្រតីណាមួយ ដែលខ្លួនបានសង្កេតឃើញនៅគ្រប់ដំណាក់កាលបោះឆ្នោត ពិសេសនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
ក្នុងន័យនេះ គ.ជ.ប មានយន្តការដាក់ ទទួល និងដោះស្រាយ បណ្ដឹងតាមឋានានុក្រមពីថ្នាក់ឃុំ សង្កាត់ ថ្នាក់រាជធានី ខេត្ត និងថ្នាក់ គ.ជ.ប ជាពិសេសការប្តឹង ឬការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត ដំណាក់កាលមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងដំណាក់កាលបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៅឃុំ សង្កាត់ ដូចមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាធរមាន ហើយគួរចៀសវាងថ្លែងជាការប្រមាថ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ ដែលអាចនាំឱ្យមានការចោទប្រកាន់ ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌត្រង់មាត្រា៣០៥ និង ៣០៦ ពាក់ព័ន្ធនឹងបទបរិហារកេរ្ដិ៍ជាសាធារណៈ ដូចជាតាមសម្តី ទោះជាប្រភេទណាក៏ដោយ ដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំ និងការបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមសារព័ត៌មាន និងដែលត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។
បើតាមសេចក្តីថ្លែងការណ៍ដដែល បច្ចុប្បន្ននេះ គ្រប់យន្តការនៃ គ.ជ.ប បានទទួលពាក្យបណ្ដឹង និងកំពុងដោះស្រាយបណ្ដឹង រហូតដល់ចប់ មុននឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុអីប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥៕