(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងជាបេសកជនពិសេសប្រធានអាស៊ាន ឆ្នាំ២០២២ នឹងទៅបំពេញទស្សនកិច្ចលើកទី២ របស់លោក នៅប្រទេសមីយ៉ាន់ម៉ា នៅចុងខែនេះ។
ទស្សនកិច្ចលើកទី២នេះ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា នឹងសង្កត់ធ្ងន់លើ ការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺស្ថិតក្នុងចំណោមការផ្ដោតការយកចិត្តទុកដាក់របស់លោកនាពេលនោះ ស្របតាមអាណត្តិរបស់ប្រេសិតពិសេស។
ការបញ្ជាក់អំពីទសនកិច្ចលើកទី២ បានធ្វើឡើងក្នុងជំនួបរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Kathryn Campbell រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្នុងអំឡុងពេលទស្សនកិច្ចរបស់ លោកស្រី Kathryn Campbell នៅកម្ពុជាពីថ្ងៃទី ១២-១៤ ខែមិថុនា ឆ្នាំ២០២២។
លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកជាមួយលោកស្រីរដ្ឋលេខាធិការ Kathryn Campbell អំពីការវិវត្តនៃសភាពការណ៍នៅមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីភាពស្មុគស្មាញនៃវិបត្តិ និងការប្រឈមមុខនានាក្នុងការស្វែងរកដំណោះស្រាយសមស្របមួយ ដែលតម្រូវឱ្យមានការយោគយល់គ្នា ភាពអត់ធ្មត់ និងការអត់ឱនពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួម ឯកភាព និងសាមគ្គីភាព ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងគ្រប់ភាគីទាំងអស់ ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានស្ដីពីមីយ៉ាន់ម៉ា រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ក្នុងការរៀបចំការងារជាមូលដ្ឋាន ក្នុងអំឡុងពេលនៃទស្សនកិច្ចលើកទីមួយរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ២០២២ សម្រាប់អាទិភាពបន្ទាន់ចំនួន៣ រួមមាន៖ (១) ការបញ្ឈប់អំពើហឹង្សា (២) ការធានាឱ្យបាននូវការផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលាដោយគ្មានការរើសអើង និង (៣) ការកសាងបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនានយោបាយប្រកប ដោយបរិយាប័ន្ន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
លោកក៏បានគូសបញ្ជាក់ផងដែរអំពីលទ្ធផលសំខាន់ៗចំនួនបីដែលសម្រេចបានក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា ដែល កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ រួមមាន៖ ១៖ ក្របខ័ណ្ឌនៃការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន ២៖ ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និង ៣៖ ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។
លោកស្រីរដ្ឋលេខាធិការ Kathryn Campbell បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងបានអះអាងអំពីការគាំទ្ររបស់អូស្ត្រាលីសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕