(ហ្សឺណែវ, ស្វីស)៖ មន្ត្រីជាន់ខ្ពស់របស់អង្គការពាណិជ្ជកម្មពិភពលោក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ និងភាពរីកចម្រើននៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។
ការកោតសរសើរនេះបានគូសរំលេចនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃលេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនាពេលកន្លងមក រវាងប្រទេសកម្ពុជា និងកម្មវិធី EIF ព្រមទាំងបានលើកឡើងអំពីសមិទ្ធិផលនានា និងវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចកម្ពុជា (Go4eCAM) លទ្ធផលវិជ្ជមាននៃការវាយតម្លៃលើកម្មវិធីពិពិធកម្ម រួមទាំងការពង្រីកការនាំចេញ (CEDEP)។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះនូវផ្សារខេមបូត្រេដ (Cambodiatrade.com) ដែលជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផ្សព្វផ្សាយ និងលក់នូវផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងនោះរួមមានសហគ្រាសដឹកនាំដោយសហគ្រិនជាស្រ្តីផងដែរ។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើលេខាធិការដ្ឋានកម្មវិធី EIF បន្តពង្រឹងនូវកិច្ចសហការគាំទ្រដល់ការអនុវត្តគម្រោងនានាដែលទទួលបានការឧបត្ថម្ភពីកម្មវិធី EIF ជាពិសេសគម្រោងសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ (CTIS 2019-2023) ឱ្យទទួលបានប្រសិទ្ធិភាពខ្ពស់។
ជាការឆ្លើយតប លោកបណ្ឌិត Ratnakar Adhikari បានថ្លែងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសសក្តានុពលក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងបានបង្ហាញពីការគាំទ្រនូវយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច រួមជាមួយគម្រោង Go4eCAM គម្រោង CTIS 2019-2023 និងភាពជាដៃគូដ៏រឹងមាំ។
លោកបណ្ឌិតបង្ហាញការជឿជាក់យ៉ាងមុតមាំថា តាមរយៈផ្សារខេមបូត្រេដ សហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងមានឱកាសក្នុងការសម្របខ្លួនតាមប្រព័ន្ធបច្ចេកវិទ្យា បង្កើនការប្រកួតប្រជែងក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារសកល៕