(សៀមរាប)៖ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ស្រុកក្រឡាញ់ ខេត្តសៀមរាប គឺជាស្រុកមួយដែលគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រច្រើនលើសលុបពីប្រជាពលរដ្ឋ ដោយទទួលបានអាសនៈក្រុមប្រឹក្សាឃុំរហូតដល់ទៅ ៥៦អាសនៈ ក្នុងចំណោមអាសនៈចំនួន៦០។ លទ្ធផលនេះ ធ្វើឱ្យស្រុកក្រឡាញ់ ក្លាយជាស្រុកទទួលបានចំណាត់ថ្នាក់លេខ១ ដែលទទួលបានសំឡេងគាំទ្រគណបក្សប្រជាជនច្រើនជាង បើធៀបនឹងក្រុង/ស្រុក ១១ផ្សេងទៀតក្នុងខេត្តសៀមរាប។
លោក ជា ច័ន្ទបរិបូរណ៍ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រឡាញ់ បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់កាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សាឃុំចំនួន ៥៦រូប និងគ្រប់គ្រងតំណែងមេឃុំទាំង ១០ឃុំ។ ក្នុងនោះឃុំចំនួន៦ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សាឃុំទាំងស្រុង ហើយឃុំចំនួន៤ គណបក្សភ្លើងទៀន ទទួលបានតំណែងជំទប់ទី២។ ឃុំទាំង៤នោះរួមមាន៖ ឃុំកំពង់ថ្កូវ, ឃុំរោងគោ, ឃុំស្នួល និងឃុំសំបួរ។
តាមរយៈលទ្ធផលនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាស្រុកក្រឡាញ់ គឺជាស្រុកមួយទទួលបានការគាំទ្រខ្ពស់ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងបន្តផ្តល់ការទុកចិត្តឱ្យក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជាដឹកនាំក្នុងឃុំទាំង១០។
ឆ្លើយនឹងសំណួរថា តើគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រអ្វីខ្លះនាំឱ្យមានការគាំទ្រពីប្រជាពលរដ្ឋខ្ពស់បែបនេះ? លោក ជា ច័ន្ទបរិបូរណ៍ បានលើកឡើងថា មានមូលដ្ឋានចំនួន៣សំខាន់ ដែលនាំឱ្យប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងស្រុកក្រឡាញ់។ មូលដ្ឋានទាំង៣នោះរួមមាន៖
១៖ ការផ្តល់សេវាសាធារណៈ៖ ការផ្តល់សេវាសាធារណៈ ជាសេវាតម្រូវការដ៏ចាំបាច់របស់ប្រជាជន។ ការផ្តល់សេវានេះ ក្រុមប្រឹក្សាឃុំក្នុងស្រុកក្រឡាញ់ បានយកចិត្តទុកដាក់ខ្ពស់បំផុត ហើយមិនដែលបង្កការថ្នាំងថ្នាក់ចិត្តដល់ប្រជាពលរដ្ឋនោះឡើយ។
២៖ សេវាសំណូមពរ៖ សេវាសំណូមពរ គឺការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងការកសាងនូវសមិទ្ធផលនានានៅតាមឃុំ។ ការកសាងសមិទ្ធផលនេះ ឃុំ និងក្រុមការងារចុះមូលដ្ឋានស្រុកក្រឡាញ់ បានរួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
៣៖ ភូមិឃុំមានសុវត្ថភាព៖ ភូមិឃុំមានសុវត្ថិភាព គឺជាតម្រូវការដ៏ចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរឃុំ និងក្រុមការងារ បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនក្នុងការលុបបំបាត់ចោរកម្ម និងការប្រើប្រាស់គ្រឿងញៀន។
លោក ជា ចាន់បរិបូរណ៍ បានអះអាងថា ក្នុងចំណុចទាំង៣នេះ ចំណុចទី១ និងទី២ ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ពេញចិត្តជាខ្លាំងចំពោះការដឹកនាំរបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកក្រឡាញ់។
ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋបន្តទៀតថា លោក ជា ចាន់បរិបូរណ៍ បានគូសបញ្ជាក់ថា អាជ្ញាធរស្រុក ឃុំ និងក្រុមការងារចុះជួយស្រុកក្រឡាញ់ នឹងបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវចំណុចទី១ និងទី២ ហើយបន្តពង្រឹងចំណុចទី៣ ឱ្យបានកាន់តែល្អប្រសើរថែមទៀត។
ក្នុងនាមជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រឡាញ់ លោក ជា ចាន់បរិបូរណ៍ បានថ្លែងអំណរគុណប្រជាពលរដ្ឋស្រុកក្រឡាញ់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោក ជា ចាន់បរិបូរណ៍ ក៏សូមថ្លែងអំណរគុណនិងកោតសរសើរ មន្ត្រីគ្រប់ជាន់ថ្នាក់ទូទាំងស្រុកក្រឡាញ់ សម្រាប់ការប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានលឿនរហ័ស៕