(ភ្នំពេញ)៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានចំនួន២២ពាន់លានដុល្លារអាមេរិក កើនឡើង១៩.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានទឹកប្រាក់ ១៨ ៧៦៨លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែឧសភា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិ មានទំហំ ២២ ៤៦៩លានដុល្លារ កើនឡើងប្រមាណ១៩.៧% ក្នុងនោះការនាំចេញមានតម្លៃ ៩៤១២ លានដុល្លារ កើនឡើង៣៤.៥% និងនាំចូលមកវិញមានតម្លៃ១៣ ០៥៧លានដុល្លារកើនឡើង១១%។
ប្រទេសសំខាន់ៗ ដែលជាដៃគូរនាំចេញនាំចូលរបស់កម្ពុជា ក្នុងនោះមានការទំហំពាណិជាកម្មរវាងកម្ពុជា និងចិន បានឈានឡើងដល់ ៤ ៩៩០លានដុល្លារ កើនឡើង ២៦.១%, សហរដ្ឋអាមេរិក មានតម្លៃ ៣ ៨៦៤លានដុល្លារ កើនឡើង៥៥.៤%, វៀតណាម មានទំហំ ២ ៧៨៩ កើនឡើង២០.៣%, ថៃមានទំហំ ១ ៨៦៩ លានដុល្លារ កើនឡើង១៨% ខណៈការធ្វើពាណិជ្ជកម្មជាមួយជប៉ុនមានទំហំ ៧៧៨លានដុល្លារ កើនឡើង១២.៣%។ ដោយឡែកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរីមានទំហំ ១ ៧២៣លានដុល្លារ ថយចុះ៤២.៣%។
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គឺជាវិស័យដែលរកចំណូលឱ្យកម្ពុជាច្រើនជាងគេ ពោលគឺរយៈពេល៥ខែនេះ ការនាំចេញសម្លៀកបំពាក់មានតម្លៃជាង ៣ ៦៤២លានដុល្លារ និងស្បែកជើងមានតម្លៃជាង ៧០២លានដុល្លារ, ការនាំចេញកៅស៊ូ រួមចំណែកជាង ១៨៣ លានដុល្លារ កើនឡើង២១.៦%, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង៦៣៩លានដុល្លារ រួមទាំងផលិតកសិកម្មមួយចំនួនទៀត៕