(ពោធិ៍សាត់)៖ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៨ និង៣៣នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ កែវ សារិ អធិការនគរបាលក្រុង សហការជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ជាក្រុមក្មេងទំនើងជាហូរហែរ ក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា និងហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តលើជនរងគ្រោះជាសមត្ថកិច្ច ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចមុខធនាគារជាតិ ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះថា ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសហការបានចុះដល់ចំណុចចំនួន០២៖ -ចំណុចទី០១ គឺលើផ្លូវជាតិលេខ០៥ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿង។ -ចំណុចទី០២ គឺនៅជិតវត្តព្រែកសំរោង ស្ថិតនៅភូមិសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ ម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿង។
ប្រភពបានបន្ថែមថា ជនសង្ស័យ៖
*ទី១៖ ឈ្មោះ ញាស់ អន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបន្ទាយត្រោក ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (ជាអ្នកធ្វើសកម្មភាពកាប់ម៉ូតូ)។
*ទី២៖ ឈ្មោះ ញាស់ អ៊ីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបន្ទាយត្រោក ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (ជាអ្នកធ្វើសកម្មភាពកាប់ម៉ូតូ និងជាអ្នកជិះឌុប)។
*ទី៣៖ ឈ្មោះ ផុន វីរ៉ាត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរស្ដៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ជាអ្នកធ្វើសកម្មភាពកាប់ម៉ូតូ)។ ជនសង្ស័យទាំង០៣នាក់ បន្ទាប់ពីធ្វើសកម្មភាពរួច បានរួចគេចខ្លួនពីខេត្តពោធិ៍សាត់ ទៅស្នាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
ប្រភពដដែលបានបន្ថែមថា បន្ទាប់ពីនាំខ្លួនជនសង្ស័យទាំង០៣នាក់ មកធ្វើការសួរនាំរួច ជនសង្ស័យក៏បានចង្អុលបង្ហាញអំពីអត្តសញ្ញាណ របស់ក្រុមបក្សពួកខ្លួន ដែលបានប្រព្រឹត្តិសកម្មភាពជាមួយ។ ហើយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១១ និង១១នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ក៏បានចុះដល់ចំណុចវាលស្រែ ខាងកើតវត្តទួលម្កាក់ ស្ថិតនៅភូមិកគោ ឃុំស្វាយលួង ស្រុកកណ្ដៀង ដោយធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ទៀត ឈ្មោះ ចិច រ៉ាំង ភេទប្រុស អាយុ២០ឆ្នាំ (ជាអ្នកដឹកនាំធ្វើសកម្មភាពកាប់ម៉ូតូ និងជនរងគ្រោះ)។ ចំពោះវត្ថុតាង រួមមាន៖ ម៉ូតូចំនួន០២គ្រឿង (ម៉ាក់SUZUKI LET ព័ណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-4355 និងម៉ាកHONDA WINNER ព័ណ៌ខ្មៅលាយទឹកក្រូច គ្មានស្លាកលេខ និងទូរស័ព្ទដៃចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង រួមជាមួយវត្ថុតាង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែកជនសង្ស័យ ដែលបានប្រព្រឹត្តសកម្មភាពជាមួយនៅសេសសល់រត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕