(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «ការពិនិត្យសេចក្តីព្រាងរបាយការណ៍ បឋមនៃការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការ» ថាកម្ពុជាសម្រេចបានលទ្ធផលជាច្រើនក្នុងវិស័យពិការភាព បន្ទាប់ពីបានផ្តល់ សច្ចាប័នទៅលើអនុសញ្ញាស្តីពី សិទ្ធិជនពិការតួយ៉ាងដូចជា ការជំរុញអត្រាជនពិការចូលបម្រើការងារ តាមក្រសួងស្ថាប័នការផ្តល់ សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ ដើម្បីចូលរួមចំណែកជួយដល់ជនពិការក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការបណ្តុះបណ្តាល វិជ្ជាជីវៈនិងមុខរបរ ជាពិសេសសម្រាប់ជនពិការគ ថ្លង់ និងជនពិការភ្នែក ក៏ត្រូវបានអភិវឌ្ឍផងដែរដូចជា៖ អក្សស្ទាប ភាសាសញ្ញា ត្រូវបានបង្កើត ឡើងដោយដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំ ព័ត៌មានវិទ្យា និងតាមស្ថានីយទូរទស្សន៍នានា ដើម្បីបម្រើឲ្យការផ្តល់ព័ត៌មានជូនជនពិការ។
លោក ឯម ច័ន្ទមករា ក៏បានបន្តទៀតថា បងប្អូនជនពិការ ត្រូវបានផ្ដល់អាទិភាពក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់ សាងសង់ លំនៅឋានធ្វើអាជីវកម្ម កសិកម្មជាលក្ខណៈគ្រួសារ។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានផ្ដល់កម្មសិទ្ធិដីធ្លី និងបានកសាងលំនៅឋាន ជនពិការ តាកែនកោះស្លា តំបន់អភិវឌ្ឍជនពិការ ៣១៧ នៅស្រុកគូលែន ខេត្ត សៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានគូសបញ្ជាក់ទៀតថាកុមារពិការក៏ទទួលបានឱកាស ក្នុងការសិក្សាអប់រំនៅតាមសាលា សាធារណៈដោយមិនមានការរើសអើង អគារសិក្សាមួយចំនួនបានរៀបចំឲ្យមានជម្រាលសម្រាប់ សិស្សពិការ ហើយមជ្ឈមណ្ឌលនិងសាលាសម្រាប់កុមារ ពិការភ្នែក និងគ ថ្លង់ ត្រូវទទួលបាននូវតម្រូវការខាងជីវភាពរស់នៅ និងការសិក្សាអប់រំរហូតដល់កម្រិតឧត្តមសិក្សា និងមានជនពិការមួយចំនួនបានក្លាយជាបុគ្គលិកប្រកបដោយសមត្ថភាពទៀតផង។
ថ្លែងក្នុងឱកាសអញ្ជើញជាតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន ក្រុមប្រឹក្សា សកម្មភាពជនពិការ លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថារាជរដ្ឋាភិបាល បានខិតខំបំពេញកាតព្វកិច្ចក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដោយបានចាត់វិធានការ សមស្របដើម្បីឲ្យជនពិការទទួលបានផលពីសេដ្ឋកិច្ចល្អ ចូលរួមក្នុងការងារសង្គម វប្បធម៌ កីឡា និងសាសនា ព្រមទាំងបានផ្តល់ ការពិគ្រោះយោបល់យ៉ាងជិតសិ្នទ្ធ ជាមួយជនពិការដែលពាក់ព័ន្ធដើម្បីទទួលបាន សមភាព និងការមិនរើសអើងក្នុងនោះរួមបញ្ជូល ទាំងការជំរុញឲ្យជនពិការចូលរួមក្នុងជីវភាពនយោបាយ និងការបញ្ចេញមតិយោបល់ជាសាធារណៈ សំដៅទទួលបានសិទ្ធិ ពេញលេញ។
លោក សែម សុខា ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ទី១.ស្នើសិក្ខាកាមទាំងអស់ ពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ នូវគោលការណ៍ ណែនាំស្តីពីឯកសារសន្ធិសញ្ញាជាក់លាក់ដែលត្រូវដាក់ជូនដោយរដ្ឋភាគី ក្រោមមាត្រា៣៥ វាក្យខណ្ឌទី១ នៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដើម្បីផ្តល់ធាតុចូលលើសេចក្តីព្រាងរបាយការណ៍ បឋមនេះសម្រាប់ដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យសម្រេច។ ទី២.អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវធ្វើការពិនិត្យ និងពិគ្រោះយោបល់អោយបានល្អិតល្អន់ ដោយត្រូវគិតគូរអំពីតម្លាភាពនិងសុក្រឹត្យភាព ដោយបង្ហាញពីកត្តាផ្សេងៗ និងការលំបាកនានាដែលប៉ះពាល់ដល់កម្រិតនៃការបំពេញ កាតព្វកិច្ចតាមអនុសញ្ញាសិទ្ធិជនពិការ។ ទី៣.ក្រុមការងារសកម្មភាពជនពិការ នៅតាមក្រសួង ស្ថាប័ននិងក្រុមប្រឹក្សាសកម្មភាព ជនពិការ ថ្នាក់រាជធានី ខេត្ត សូមសហការសម្របសម្រួលផ្តល់របាយការណ៍ និងបន្តដាក់ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ ចូលក្នុងផែនការសកម្មភាពរបស់សាមីក្រសួង និងអនុវត្តផែនការនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
គួរបញ្ចាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់នេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងអាជ្ញាធរ រាជធានី ខេត្ត តំណាងអង្គការជនស៊ីវិល និងតំណាងជនពិការ សរុបចំនួន១០០នាក់៕