(បន្ទាយមានជ័យ)៖ ក្មេងទំនើងបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៉ីម៉ាំងលឺខ្លាំងរំខានដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនចំនួន៣៣នាក់ ជាមួយម៉ូតូ២១គ្រឿង រយៈពេលពីរថ្ងៃ នៅថ្ងៃទី០៩-១០ ខែមិថុនា ឆ្នាំ២០២២។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោកវរសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសេរីសោភ័ណ សហការជាមួយ ជំនាញផ្នែកប្រឆាំងគ្រឿងញៀន ផ្នែកព្រហ្មទណ្ឌ និងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ និងសង្កាត់អូរអំបិល។
ក្នុងនោះ សមត្ថកិច្ចបានះបង្ក្រាបក្មេងទំនើង ៣៣នាក់ ជាមួយម៉ូតូ ២៦គ្រឿង ដែលកែច្នៃដាក់សុីម៉ាំង លឺខ្លាំងៗ ២១ គ្រឿង បង្ហោះ២គ្រឿង ជិះអមពីក្រោយចាំថត២គ្រឿង ជិះបែមុខពីក្រោយ១គ្រឿង ក្នុងនោះ១០គ្រឿងអត់ពន្ធ។
លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា ចំពោះក្មេងទំនើងទាំង៣៣នាក់នោះ នគរបាលបានឲ្យអនុវត្ត៣ចំណុច ចំណុចទី១៖ ឲ្យម្ចាស់អ្នកជិះម៉ូតូអត់ពន្ធយកទៅបង់ពន្ធខ្លួនឯង ពេលធ្វើកិច្ចសន្យារួច, ចំណុចទី២៖ ម្ចាស់ម៉ូតូកែសុីម៉ាំងដាក់បំពងសំលេងលឺខ្លាំងៗ បង្ករំខានដល់ប្រជាពលរដ្ឋឲ្យដាក់សុីម៉ាំងធម្មតាឡើងវិញ និងចំណុចទី៣៖ ក្រោយពីធ្វើកិច្ចសន្យារួចចំពោះម្ចាស់ម៉ូតូទាំងអស់ ត្រូវធ្វើការផាពិន័យទៅតាមរដ្ឋបាលច្បាប់ចរាចរណ៍។
លុះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានឲ្យក្មេងទំនើងណា កែបំពង់ស្រីម៉ាំងឲ្យយកសុីម៉ាំងដើម យកមកដាក់វិញឲ្យបានត្រឹមត្រូវ ក្នុងនោះក៏បានឃើញមានវត្តមាន ម្តាយ ឪពុក ក្មេងទំនើងពេញត្រៀបត្រាក្នុងអធិការដ្ឋានក្រុងសិរីសោភ័ណដើម្បីមកទទួលកូនយកទៅផ្ទះវិញ ដោយមានជាប់លិខិតស្នាមយកជាប់និងខ្លួនផងដែរ។
ក្រោយពីធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យប្រព្រឹត្តជាលើកទី២បន្តទៀត បើមិនរៀងចាលចាប់បានជាលើកទី២ នឹងអនុវត្តតាមវិធានការរដ្ឋបាល។ បន្ទាប់ មកកោះហៅឪពុកម្តាយឬអាណាព្យាបាលមកធានាយកកូនៗទៅអប់រំបន្ត ហើយម៉ូតូដែលពាក់ព័ន្ធនឹងបំពង់ស៊ីម៉ាំងលឺខ្លាំង តម្រូវឲ្យម្ចាស់ដាក់បំពង់ស៊ីម៉ាំងឲ្យត្រូវតាមលក្ខណៈដើមវិញ ដោយឡែកម៉ូតូដែលអត់ពន្ធនោះ សមត្ថកិច្ចអនុវត្តតាមច្បាប់ឲ្យម្ចាស់យកទៅបង់ពន្ធខ្លួនឯង។
ជាមួយគ្នានោះ លោកអធិការនគរបាលក្រុង បានអំពាវនាវដល់ ឪពុកម្តាយ ឬអាណាព្យាបាលមេត្តាណែនាំដល់កូនចៅ របស់ខ្លួនកុំឲ្យប្រព្រឹត្តនូវអំពើដែលសង្គមស្អប់ខ្ពើម ដូចជាការបង្ហោះម៉ូតូ ជិះរេចុះឡើងពេញផ្លូវនេះ វាបង្កគ្រោះថ្នាក់ខ្លួនឯង និងអ្នកដទៃដែលប្រើប្រាស់ផ្លូវជាមួយ។ ចំពោះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំង វារំខានដល់អារម្មណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋទៀតផង៕